វប្បធម៌វៀតណាមត្រូវបានផ្សព្វផ្សាយនៅទីក្រុង St. Petersburg (រុស្ស៊ី)
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វៀតណាមនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី (ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែឧសភា) មហោស្រពភាសា និងវប្បធម៌វៀតណាម និងពិព័រណ៍គំនូរអំពីវៀតណាមរបស់អតីតវិចិត្រករ Tuman Zhumabaev បានប្រព្រឹត្តទៅដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ។
នាថ្ងៃទី ២១ ខែឧសភា អាជ្ញាធរទីក្រុងបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងមូលនិធិប្រពៃណី និងមិត្តភាពរៀបចំមហោស្រពភាសា និងវប្បធម៌វៀតណាមនៅវិទ្យាល័យលេខ ៤៨៨ នៅខ័ណ្ឌ Vyborg។
មានប្រសាសន៍ក្នុងមហោស្រពនេះ លោកស្រី Natalia Osennova នាយិកាសាលាវិទ្យាល័យលេខ ៤៨៨ បានបញ្ជាក់ថា សាលាតែងតែខិតខំអនុវត្តន៍តាមការដឹកនាំរបស់លោក Aleksandr Beglov អភិបាលក្រុង St. Petersburg អំពីសារៈសំខាន់ពិសេសនៃការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ មហោស្រពភាសា និងវប្បធម៌វៀតណាមគឺជាឱកាសសម្រាប់ប្រជាជន និងសិស្សរុស្ស៊ីស្វែងយល់បន្ថែមអំពីទឹកដី វប្បធម៌ និងមនុស្សវៀតណាមតាមរយៈទស្សនីយភាពសម្តែងសិល្បៈប្រពៃណី ការតាំងពិព័រណ៍ ល្បែងប្រជាប្រិយ និងម្ហូបអាហារវៀតណាម។
    |
 |
លោក Le Minh Hoan ជូនអំណោយដល់វិទ្យាល័យលេខ ៤៨៨ ទីក្រុង St-Peterburg (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក Le Minh Hoan អនុប្រធានរដ្ឋសភាវៀតណាម បានអះអាងថា សិស្សវិទ្យាល័យលេខ ៤៨៨ គឺជាអនាគតរបស់ទីក្រុង St. Petersburg និងរុស្ស៊ី ហើយនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងវៀតណាម និងរុស្ស៊ី។ លោកអនុប្រធានរដ្ឋសភាថ្លែងអំណរគុណចំពោះសាលាដែលបានរក្សាលំហវប្បធម៌វៀតណាមនៅសាលា។
ទន្ទឹមនឹងនោះ លោក Nguyen Quoc Hung នាយកមូលនិធិប្រពៃណី និងមិត្តភាព បានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាសកម្មភាពជួយជ្រោមជ្រែង “ទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស”។
មូលនិធិ “ប្រពៃណី និងមិត្តភាព” បានរៀបចំព្រឹត្តិការណ៍ជាច្រើនទាក់ទិននឹងភាសាវៀតណាម ប៉ុន្តែមហោស្រពភាសា និងវប្បធម៌វៀតណាមមានចំណុចថ្មី និងមានសារៈសំខាន់ ហើយជាការកត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីក្នុងការផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមដល់យុវជនវៀតណាម និងរុស្ស៊ី ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងភាសារវាងវៀតណាម និងរុស្ស៊ី។
ក្នុងមហោស្រពនេះ សិស្សវិទ្យាល័យលេខ ៤៨៨ បានចូលរួមមេរៀនអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ ចូលរួមល្បែងប្រជាប្រិយ និងទទួលទានម្ហូបវៀតណាម៕
បកប្រែដោយ Thanh Cong