រហូតមកដល់ពេលនេះ សហគមន៍អាស៊ានបានបញ្ចប់ផែនការមេឆ្នាំ២០២៥ ហើយកំពុងតម្រង់ទិសសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីដល់ឆ្នាំ ២០៤៥។ តាមគម្រោង ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ នឹងត្រូវបានអនុម័តនៅឆ្នាំក្រោយ ក្នុងទិសដៅបន្តពង្រីកសមិទ្ធិផលដែលសម្រេចបាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ាន អភិវឌ្ឍឲ្យកាន់តែរឹងមាំនាពេលអនាគត។
សហគមន៍អាស៊ាន - ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់អាស៊ាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ ហើយបច្ចុប្បន្នមានប្រទេសសមាជិកចំនួន ១០ គឺ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា (ទីម័រខាងកើតស្ថិតនៅក្នុងដំណើរការជាសមាជិកពេញសិទ្ធិ)។
ចាប់តាំងពីសេចក្តីប្រកាសទីក្រុងបាងកកស្តីពីការបង្កើត (ថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧) អាស៊ានបានអភិវឌ្ឍក្លាយទៅជាអង្គការក្នុងតំបន់ដែលមានឥទ្ធិពលដោយទទួលជោគជ័យក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសជាសមាជិក។
ជោគជ័យដ៏សំខាន់បំផុតរបស់អាស៊ានក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ គឺការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបណ្ដាប្រទេសជាសមាជិកបានកសាងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អប្រសើរ។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងបណ្ដាប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៦ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣) (រូបថត៖ vnanet.vn) |
ព្រឹត្តិការណ៏ដ៏សំខាន់មួយទៀតដែលបានកត់សម្គាល់ពីការអភិវឌ្ឍរបស់អាស៊ានអស់រយៈពេលជិត ៦ ទសវត្សរ៍ គឺការបង្កើតសហគមន៍អាស៊ានជាផ្លូវការនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។ ព្រឹត្ដិការណ៍នេះបានពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានឡើងកម្រិតថ្មីមួយ ហើយតម្រូវឲ្យប្រទេសសមាជិកទាំងអស់ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីកសាងសហគមន៍រួមមួយ ដែលប្រជាជនជាង ៦៥០ លាននាក់នៅអាស៊ីអាគ្នេយ៍អាចរស់នៅក្នុងបរិយាកាសសន្តិភាព មិត្តភាព ប្រជាជាតិទាំងឡាយសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមក និងទទួលបានការគាំទ្រដើម្បីអភិវឌ្ឍន៍ស្មើៗគ្នា។
គោលដៅរួមនៃសហគមន៍អាស៊ានគឺកសាងអាស៊ានក្លាយទៅជាសហគមន៍តភ្ជាប់ខាងនយោបាយ ផ្សារភ្ជាប់លើវិស័យសេដ្ឋកិច្ច មានទំនួលខុសត្រូវក្នុងវិស័យសង្គម និងសហប្រតិបត្តិការបើកចំហជាមួយខាងក្រៅ ធ្វើសកម្មភាពស្របតាមច្បាប់ និងឆ្ពោះទៅប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ អាស៊ានក៏មានគោលបំណងជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូ និងដើរតួនាទីមជ្ឈភាពក្នុងតំបន់តាមរយៈក្របខ័ណ្ឌជាច្រើន (អាស៊ាន+១ អាស៊ាន+៣ EAS, ARF និង ADMM+)។
|
|
ពិធីបង្ហូតទង់ជាតិ ក្នុងឱកាសអបអរសាទរខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (ទីក្រុងហាណូយ ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣) (រូបថត៖ vnanet.vn) |
វៀតណាមរួមជាមួយអាស៊ានអភិវឌ្ឍប្រកបដោយខ្លួនទីពឹងខ្លួន
វៀតណាមបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥។ ក្នុងរយៈពេលជិត ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន វៀតណាមតែងតែខិតខំរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវដើម្បីអាស៊ានដ៏រឹងមាំ សាមគ្គី និងមានតួនាទីដ៏សំខាន់ក្នុងតំបន់ និងពិភពលោក។
ក្នុងស្មារតីសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវ វៀតណាម បានរួមដំណើរជាមួយបណ្តាប្រទេសជាសមាជិក ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដ៏រឹងមាំ រក្សាសាមគ្គីភាព ឯកភាព និងលើកកំពស់តួនាទីមជ្ឈភាពនៃសមាគម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ គោលនយោបាយ និងគោលការណ៍ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអាស៊ានបានក្លាយទៅជាផ្នែកសំខាន់នៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងសម័យថ្មី ដែលជាអាទិភាពក្នុងយុទ្ធសាស្រ្តនៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម។
ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការចេញសេចក្តីសម្រេចចិត្តសំខាន់ៗដើម្បីការអភិវឌ្ឍរបស់អាស៊ាន ដូចជាអនុម័តលើកម្មវិធីសកម្មភាពទីក្រុងហាណូយឆ្នាំ ១៩៩៨ ចក្ខុវិស័យអាស៊ានដល់ឆ្នាំ ២០២០ (ឆ្នាំ១៩៩៧) ចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ (ឆ្នាំ២០១៥) និងកសាងចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០៤៥...
អាចនិយាយបានថាក្នុងដំណើរចូលរួមអាស៊ាន វៀតណាមបានធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ចូលរួមយ៉ាងស៊ីជម្រៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងរួមចំណែកជាវិជ្ជមានក្នុងការរក្សាសាមគ្គីភាពក្នុងប្លុក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិក ក៏ដូចជារវាងអាស៊ាននិងដៃគូខាងក្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជោគជ័យរបស់អាស៊ាន៕
បកប្រែដោយ Thuy Anh