កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងទីភ្នាក់ងារពាក់ព័ន្ធ ធុរកិច្ចប្រទេសម្ចាស់ផ្ទះ និងអង្គការមួយចំនួននៃសមាជិកអាស៊ាន និងអន្តរជាតិ។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំ ប្រតិភូទាំងឡាយពិភាក្សាលើបញ្ហាសំខាន់ៗចំនួនបី រួមមាន តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន; កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន; និងគាំទ្រនវានុវត្តន៍ និងឌីជីថលនីយកម្មតាមរយៈបច្ចេកវិទ្យា ធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន។

ថ្លែងក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា វេទិកានានាដូចជា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគក្នុងតំបន់ បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍ សកលលោក។

leftcenterrightdel
កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា (រូបថត៖ nhandan.vn)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល។ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឲ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២ ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកអត្រាកំណើនមុនជំងឺរាតត្បាតក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញអំពីអនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។ កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ ២០២៤ ប្រតិភូទាំងឡាយបានចំណាយពេលច្រើនសម្រាប់ការពិភាក្សាអំពីការជម្រុញតភ្ជាប់ និងធ្វើសមាហរណកម្មក្នុងអាស៊ាន៕

បកប្រែដោយ Thuy Anh