ទាំងនេះគឺជាសកម្មភាពដំបូងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) និងកិច្ចប្រជុំពាក់ព័ន្ធនានា។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

ប្រទេសទាំងឡាយបានសន្យាអនុវត្តសន្ធិសញ្ញា SEANWFZ និងឯកភាពបន្តផែនការសកម្មភាពអនុវត្ត SEANWFZ សម្រាប់ដំណាក់កាល ២០២២-២០២៦។ ប្រទេសទាំងឡាយក៏បានឯកភាពគ្នាបង្កើនការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីចុះហត្ថលេខាលើពិធីសារ SEANWFZ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យអាស៊ានលើកកម្ពស់តួនាទី និងតម្លៃរបស់ SEANWFZ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិលើបញ្ហានុយក្លេអ៊ែរដើម្បីសន្តិភាព។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីនានាខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដើម្បីចុះហត្ថលេខាលើពិធីសារ SEANWFZ។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាប្រធានកិច្ចប្រជុំនៃគណៈកម្មការតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ (SEANWFZ) (រូបថត៖ vnanet.vn)

តំណាង AICHR បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្សក្នុងឱកាសរំលឹកខួបលើកទី១០ នៃសេចក្តីថ្លែងការណ៍ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួនលើសេរីភាពជាមូលដ្ឋានរបស់មនុស្ស ទោះបីជាក្នុងគ្រាលំបាកដោយសារជំងឺរាតត្បាត Covid-19 និងការវិវឌ្ឍដ៏ស្មុគស្មាញក្នុងតំបន់ក៏ដោយ។

លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ AICHR ក្នុងការពុះពារការលំបាក និងរក្សាសកម្មភាពដែលបានកំណត់ក្នុងឆ្នាំ។ លោករដ្ឋមន្ត្រី Bui Thanh Son បានគាំទ្រប្រធានរៀបចំសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី១០ នៃសេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស។ លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងការគោរពគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានក្នុងការអនុវត្តសកម្មភាពរបស់ AICHR។

នាថ្ងៃដដែល លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ស្តីពីការអនុវត្តសកម្មភាពក្នុងឆ្នាំសាមគ្គីភាព និងមិត្តភាព ២០២២។

ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ រួមទាំងយន្តការដូចជាការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងការផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការបរទេសសេដ្ឋកិច្ច...; បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ រក្សាសាមគ្គីភាព និងពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

នៅខាងក្រៅកិច្ចប្រជុំ កិច្ចប្រជុំសម្ព័ន្ធមិត្តមេគង្គ (FOM) ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីតំណាងនៃបណ្តាប្រទេសមេគង្គ និងដៃគូអភិវឌ្ឍន៍។

គណៈប្រតិភូវៀតណាមបានលើកឡើងការផ្តល់អាទិភាពលើការអនុវត្តគម្រោងតភ្ជាប់តំបន់ រួមទាំងភស្តុភារ និងគមនាគមន៍។ វៀតណាមក៏បានបញ្ជាក់ថា ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះកំណើនបៃតង បង្កើនការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព; ការអនុវត្តកម្មវិធីលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នវានុវត្តន៍ និងអភិវឌ្ឍន៍ការចាប់ផ្តើមអាជីវកម្ម វិទ្យាសាស្ត្រជីវិត និងបច្ចេកវិទ្យាខ្ពស់៕

បកប្រែដោយ Huyen Trang