ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខណៈលើកទី១ លោកបានទៅកាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឈានទៅដល់ការបញ្ចប់អំពើហិង្សា។

leftcenterrightdel
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា(រូប​ថត៖ vov.vn)

ការប្រកាសទៅមីយ៉ាន់ម៉ានេះ បន្ទាប់ពីលោកបានស្នើឲ្យបញ្ជូនខ្លួនលោកស្រី អោង សានស៊ូជី មកឃុំខ្លួននៅផ្ទះរបស់លោកស្រីវិញ។ តាមរយៈសេចក្តីថ្លែងការណ៍ នាថ្ងៃ២៧ មិថុនា លោកប្រាក់ សុខុន បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ានចំពោះរបាយការណ៍ស្តីពីការផ្ទេរលោកស្រី អោង សានស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋសម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ មិថុនានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ច លើកទីពីររបស់ប្រេសិតពិសេសប្រធាន​អាស៊ាន​ទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន លើកនេះ ក៏ដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផល សម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

បកប្រែដោយ Thanh Cong