leftcenterrightdel
រូបថតឧទាហរណ៍ (thukyluat.vn)

ថ្លែងនៅក្នុងវេទិកាដើម្បីអបអរសាទរខួបលើកទី ១០ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន - ចិន (ACFTA) ដែលត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងនាមជាអធីបតីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀង ACFTA ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន បានកើនឡើងទ្វេដង ដែលធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំនាំមុខគេរបស់អាស៊ាន។ ការអនុវត្តកិច្ចព្រមព្រៀងនេះ ក៏ជួយជំរុញកំណើនវិនិយោគ ធ្វើឱ្យចិនក្លាយជាវិនិយោគិនបរទេសផ្ទាល់លំដាប់ទី ៤ នៅអាស៊ាន។ សម្រាប់វៀតណាម ចិនតែងតែជាដៃគូពាណិជ្ជកម្មសំខាន់បំផុត ហើយទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញរវាងវៀតណាមនិងចិនក៏បានកើនឡើងជាង ៤ ដង បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន - ចិន។

លោករដ្ឋមន្ត្រី Tran Tuan Anh បានបញ្ជាក់ថា៖ “សេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោក កំពុងងាកទៅរកទំព័រថ្មីដែលពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈម។ ការប្រែប្រួលក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រួមជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលកន្លងមក បានបង្កើតឱ្យមានបញ្ហាប្រឈមដែលមិនធ្លាប់មាន ដែលបង្ហាញថា ការពង្រឹង និងថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់មានសារៈសំខាន់ណាស់។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថា អាស៊ាននិងចិននឹងបន្តពួតដៃគ្នា និងបង្រួបបង្រួមបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង និងអត្ថន័យពិតប្រាកដដល់ប្រជាជន និងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ”៕

បកប្រែដោយ Huyen Trang