លោក Paul Thoppil ឧបការីអនុរដ្ឋមន្រ្តីក្រសួងការបរទេសកាណាដា បានបញ្ជាក់ថា កាណាដាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាន និងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។ លោក Paul Thoppil សង្កត់ធ្ងន់ថាកាណាដាមានគោលបំណងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងយន្តការនានានៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តួចផ្តើម និងដឹកនាំដោយអាស៊ាន ដូចជាកិច្ចប្រជុំកំពូល អាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បើកទូលាយ (ADMM+) និងវេទិកាសមុទ្រ អាស៊ាន (EAMF) ។ លោកឧបការីអនុរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អាស៊ាន ដោយសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងសហគមន៍អន្តរជាតិ និងឆ្លើយតបយ៉ាងសកម្ម និងរហ័សទៅនឹងជំងឺរាតត្បាត Covid-19 ។

leftcenterrightdel
កិច្ចសន្ទនា អាស៊ាន - កាណាដា លើកទី១៧ តាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងរក្សាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត និងមធ្យម (MSME) រវាងភាគីទាំងពីរ ។ ភាគីទាំងពីរឯកភាពបើកទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីកពិពិធកម្មទីផ្សារធ្វើពាណិជ្ជកម្ម និងវិនិយោគ; បន្តស្រាវជ្រាវអំពីលទ្ធភាពតាក់តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់តាមរយៈកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរសម្រាប់អភិវឌ្ឍន៍អប់រំ អាស៊ាន - កាណាដា (SEED)។

លោក Paul Thoppil ក៏បានអះអាងថា កាណាដាគាំទ្រអាស៊ានក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា ការកសាងទំនុកទុកចិត្តនៅក្នុងតំបន់ ការគោរពច្បាប់អន្តរជាតិ ការកសាងសណ្តាប់ធ្នាប់ក្នុងតំបន់ផ្អែកលើច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ និងបង្ហើយការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

ថ្លែងក្នុងតួនាទីជាប្រធានអាស៊ាន គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទពោរពេញទៅដោយការលំបាក និងភាពស្មុគស្មាញនោះ ប្រទេសទាំងអស់ចាំបាច់ត្រូវពួតដៃគ្នាដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ គោរពច្បាប់អន្តរជាតិ ដោយធានាសន្តិភាព ស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្តារឡើងវិញ និងអភិវឌ្ឍន៍។ ភាគីវៀតណាមក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីគោលជំហររបស់អាស៊ានលើសមុទ្រខាងកើត ដែលបានអះអាងដោយថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាពេលថ្មីៗនេះ និងបញ្ជាក់ថាអាស៊ាននឹងបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូទាំងអស់ រួមទាំងប្រទេសកាណាដា ព្រមទាំងជំរុញកិច្ចសន្ទនា ការកសាងទំនុកទុកចិត្ត និងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang