នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃកាសែត Nhan Dan (ស្ថាប័នឃោសនារបស់បក្សកុម្មុយនិស្តវៀតណាម) លោក Kamal Malhotra អ្នកសម្របសម្រួលអចិន្ត្រៃយ៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងរវាង អាស៊ាន និងអង្គការសហប្រជាជាតិ។

leftcenterrightdel
វៀតណាមធ្វើជាអធិបតីនៃកិច្ចប្រជុំស្តីពីទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ (រូបថត៖ អង្គការសហប្រជាជាតិ)

ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន - អង្គការសហប្រជាជាតិ សម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មកទល់សព្វថ្ងៃនេះ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ចំនួន ១០។ ឆ្នាំ ២០០០ បានកត់សំគាល់ព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការនយោបាយរវាងភាគីទាំងពីរ នៅពេលដែលកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ ត្រូវបានរៀបចំឡើងជាលើកដំបូង។ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ២ នៅឆ្នាំ ២០០៥ អាស៊ានបានទទួលតួនាទីជាអ្នកសង្កេតការណ៍នៅអង្គការសហប្រជាជាតិ នៅខែធ្នូ  ឆ្នាំ២០០៦។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ លើកទី ៤ ដែលប្រព្រឹត្តទៅក្នុងឆ្នាំ ២០១១  អាស៊ាន និងអង្គការសហប្រជាជាតិ បានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Kamal Malhotra បានសង្កត់ធ្ងន់ថា មកទល់ពេលនេះ មានស្ថាប័នជាង ៣០ របស់អង្គការសហប្រជាជាតិមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានលើវិស័យជាច្រើន ដូចជាការទប់ស្កាត់ជម្លោះ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងការផ្តល់អំណាចដល់ស្ត្រីក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឆ្នាំ ២០១៦ ផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៦-២០២០ ត្រូវបានអនុម័តក្នុងបរិបទឆ្នាំ ២០១៥ ថ្នាក់ដឹកនាំអាស៊ានបានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានសម្រាប់ឆ្នាំ ២០២៥ និងមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តរបៀបវារៈសម្រាប់ឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Kamal Malhotra បានចាត់ទុកថា លក្ខណៈអន្តរកម្មលើគ្នាទៅវិញទៅមករវាងចក្ខុវិស័យសហគមន៍អាស៊ានសម្រាប់ឆ្នាំ ២០២៥ និងរបៀបវារៈសម្រាប់ឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បានជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យអាទិភាពចំនួន ៥ គឺការកាត់បន្ថយភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការផលិតនិងការប្រើប្រាស់ប្រកបដោយចីរភាព។ ក្នុងបរិបទដែលផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០១៦ - ២០២០ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះ លោក Kamal Malhotra បានបញ្ជាក់ថា អង្គការពហុភាគីធំបំផុតនៅលើពិភពលោកនេះសង្ឃឹមថា ក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម ផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២១ - ២០២៥ នឹងត្រូវបានអនុម័ត។

អ្នកសម្របសម្រួលអចិន្ត្រៃយ៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ។ នៅពេលចាប់ផ្តើមតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ នោះ នៅខែមករា ឆ្នាំ ២០២០ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាម បានរៀបចំកិច្ចប្រជុំជាលើកដំបូងស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ានក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រ បានប្រព្រឹត្តទៅតាមគំនិតផ្តួចផ្តើមរបស់វៀតណាម អង្គការសហប្រជាជាតិសង្ឃឹមថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតួនាទីរបស់អង្គការក្នុងតំបន់ ចំពោះការធានាសន្តិភាព និងសន្តិសុខនឹងត្រូវបានលើកកម្ពស់។

យោងតាមលោក Kamal Malhotra នៅពេលដែលវៀតណាម បានចាប់ផ្តើមតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ផលប៉ះពាល់នៃរោគរាតត្បាត Covid-19 នៅទូទាំងពិភពលោកនៅតែមិនទាន់ច្បាស់នោះឡើយ។ ទោះយ៉ាងណា វៀតណាមបានបង្ហាញតួនាទីជាអ្នកដឹកនាំ នៅពេលរៀបចំកិច្ចប្រជុំកំពូលរបស់អាស៊ានតាមរយៈប្រព័ន្ធវីដេអូ ក៏ដូចជារវាងអាស៊ាន និងដៃគូនានា ដើម្បីបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃពហុភាគីនិយម និងសាមគ្គីភាពរបស់តំបន់ក្នុងការឆ្លើយតប និងការកាត់បន្ថយផលប៉ះពាល់ដោយសាររោគរាតត្បាត ទៅលើប្រទេសសមាជិក និងប្រជាជនអាស៊ាន ក៏ដូចជាការស្តារឡើងវិញក្រោយរោគរាតត្បាត។ អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាម បន្តកិច្ចខិតខំប្រឹងប្រែងនេះ។

អ្នកសម្របសម្រួលអចិន្ត្រៃយ៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ១១ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយដើម្បីបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូនាពេលអនាគតរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរឯកភាពលើអាទិភាពក្នុងផែនការសកម្មភាពអាស៊ាន - អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២១ - ២០២៥។ លោក Kamal Malhotra បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមចំណែកវិជ្ជមានជាច្រើនក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ ទោះបីមានការលំបាកបណ្តាលមកពីការរីករាលដាលក៏ដោយ។ អង្គការសហប្រជាជាតិជឿជាក់លើតួនាទីរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ ឡើងកំរិតកម្ពស់ថ្មីមួយនេះ៕

បកប្រែដោយ Huyen Trang