កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - សហភាពអឺរ៉ុប
កប.អនឡាញ - នាថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - សហភាពអឺរ៉ុប ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៦។
កិច្ចប្រជុំបានទទួលសម្គាល់ពីវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងអាស៊ាន - សហភាពអឺរ៉ុប ជាពិសេសក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការធំៗ។ នាពេលខាងមុខ បណ្តាប្រទេសបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ; ការដោះស្រាយបញ្ហាប្រឈមដែលកំពុងលេចឡើង ជាពិសេសបដិវត្តន៍ឧស្សាហកម្ម ៤.០ ការប្រែប្រួលអាកាសធាតុ; ការជំរុញការតភ្ជាប់ ចរាចរណ៍ សុខាភិបាល ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខតាមអ៊ិនធឺណែត សន្តិសុខតាមសមុទ្រ។ល។
    |
 |
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ congly.vn) |
ចំពោះបញ្ហាអន្តរជាតិនិងតំបន់ បណ្តាប្រទេសបានចែករំលែកអំពីស្ថានភាពនៃការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី និងឯកភាពគ្នារៀបចំកិច្ចប្រជុំតាមអ៊ិនធឺណែតរវាងអាស៊ាន និង EU ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាព និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។
ចំពោះបញ្ហាសមុទ្រខាងកើត បណ្តាប្រទេសបន្តសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ និងការគោរពច្បាប់ ព្រមទាំងជម្រុញឱ្យភាគីនានាជៀសវាងពីការប្រើប្រាស់ ឬគំរាមកំហែងការប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិនក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។
បណ្តាប្រទេសក៏បានអបអរសាទរវៀតណាមដោយបានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករាឆ្នាំ ២០២០ ហើយទន្ទឹងរង់ចាំលទ្ធផលល្អនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប។
ក្នុងឋានៈជាប្រធានអាស៊ាន ២០២០ គណៈប្រតិភូវៀតណាមតាងនាមឲ្យអាស៊ាន បានប្រកាសអំពីប្រធានបទអាទិភាព និងលទ្ធផលរំពឹងទុកសំខាន់ៗមួយចំនួនរបស់អាស៊ាននៅឆ្នាំ ២០២០។ ចំពោះបញ្ហាអន្តរជាតិនិងតំបន់នោះ គណៈប្រតិភូវៀតណាមបានជូនដំណឹងដល់បណ្តាប្រទេសអំពីសំណើមួយចំនួនរបស់វៀតណាមដើម្បីបង្កើនការសម្របសម្រួល និងការឆ្លើយតបរួមរបស់អាស៊ានក្នុងការដោះស្រាយជាមួយវីរុសកូរ៉ូណា; ធ្វើបច្ចុប្បន្នភាពស្ថានភាពសមុទ្រខាងកើត និងដំណើរការនៃការអនុវត្ត DOC និងចរចា COC ព្រមទាំងបញ្ជាក់ជាថ្មីម្តងទៀតនូវសារៈសំខាន់នៃគោលការណ៍របស់អាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត និងជូនដំណឹងនូវការតំរង់ទិសមួយចំនួនដើម្បីជំរុញការរួបរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១៕
បកប្រែដោយ Huyen Trang