រុស្សីដាក់លក្ខខណ្ឌក្នុងការយល់ព្រមមានជំនួបកំពូលជាមួយអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky អាចនឹងជួបប្រជុំគ្នា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងចរចាបច្ចុប្បន្នធ្វើឱ្យមានវឌ្ឍនភាព និងកិច្ចព្រមព្រៀងជាក់ស្តែងត្រូវបានសម្រេច។
នេះជាការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃទី ១៧ ខែឧសភានៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីលទ្ធផលនៃការចរចាដោយផ្ទាល់ជាលើកដំបូង រវាងទីក្រុងម៉ូស្គូនិងទីក្រុង គៀវដែលបានធ្វើឡើងនៅទួរគីនាថ្ងៃទី ១៦ ខែឧសភា។
យោងតាមលោក Peskov ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនអាចប្រព្រឹត្តទៅ "លុះត្រាតែការចរចាររវាងភាគីទាំងពីរផ្តល់លទ្ធផលក្នុងទម្រង់នៃកិច្ចព្រមព្រៀង"។ លោក Peskov មិនបានបញ្ជាក់ថា តើកិច្ចព្រមព្រៀងអ្វីខ្លះដែលភាគីរុស្ស៊ីសង្ឃឹមថានឹងអាចសម្រេចបាន ជំនួសមកវិញដោយសង្កត់ធ្ងន់ថា បញ្ហាសំខាន់សម្រាប់ទីក្រុងម៉ូស្គូនៅតែជាសំណួរថា តើអ្នកណាត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលអ៊ុយក្រែនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង (ប្រសិនបើមាន) បន្ទាប់ពីអ្នកចរចាបានយល់ព្រមលើខ្លឹមសារ។
    |
 |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ vnanet.vn) |
មុននេះ ភាគីអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានស្នើឱ្យមានជំនួបរវាងប្រធានាធិបតី Zelensky និងប្រធានាធិបតី Putin នៅកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ហើយតំណាងរបស់ទីក្រុងម៉ូស្គូបានឲ្យដឹងថា ខ្លួននឹងពិចារណាលើបញ្ហានេះ។ យោងតាមការប្រកាសរបស់អ៊ុយក្រែនបន្ទាប់ពីការចរចា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើយន្តការមួយសម្រាប់ភាគីនីមួយៗក្នុងការប្រគល់អ្នកទោសសង្គ្រាមចំនួន ១,០០០ នាក់ ហើយក្រុងកៀវបានពិភាក្សាជាចម្បងលើបញ្ហាបទឈប់បាញ់។ ទីក្រុងមូស្គូ និងក្រុងគៀវក៏បានរៀបរាប់លម្អិតអំពីជំហរ លើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឲ្យដឹងថា ជុំបន្ទាប់នៃកិច្ចចរចានឹងធ្វើឡើងបន្ទាប់ពីលក្ខខណ្ឌដែលបានព្រមព្រៀងដោយភាគីទាំងពីរត្រូវបានអនុវត្ត។
នៅក្នុងការប្រែប្រួលពាក់ព័ន្ធមួយផ្សេងទៀត ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Marco Rubio នៅថ្ងៃទី ១៧ ឧសភា ដោយផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចចរចាសន្តិភាពនាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាន ខណៈដែលសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចក្នុងការបន្តសម្របសម្រួលការស្វែងរកដំណោះស្រាយ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងស្ថានភាពបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការបន្តរក្សាទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកនាពេលខាងមុខ៕
តាម vovworld.vn