កម្ពុជាប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភូមិភាគឦសាន
កប.អនឡាញ - កម្មវិធីពិសេសជំរុញការវិនិយោគ បានកំណត់វិស័យផ្តល់អាទិភាពចំនួនបី រួមមាន កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ពីព្រោះទាំងនេះគឺជាវិស័យសមស្របចំនួនបី ដែលលើកកម្ពស់គុណសម្បត្តិពីកត្តាទាយជ្ជទានរបស់តំបន់នេះ។
នៅថ្ងៃទី៩ ខែមេសា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគ នៅតំបន់ភូមិភាគឦសាននៃប្រទេស ហើយដាក់ចេញនូវគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់អ្នកវិនិយោគក្នុងខេត្តចំនួន ៤ គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៣ គឺ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។
    |
 |
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគ នៅតំបន់ភូមិភាគឦសានកម្ពុជា (រូបថត៖ vnanet.vn) |
ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាដំណាក់កាលឆ្នាំ ២០២៥-២០២៨ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងធុរកិច្ចជាសមាជិកនៃសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) ផងដែរ។
ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ខេត្តភាគឦសានទាំង៤ មានសក្តានុពល និងកត្តាទាយជ្ជទានយ៉ាងសម្បូរបែបលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ រួមជាមួយនឹងដំណាំយុទ្ធសាស្ត្រ និងសក្តានុពលផ្រេងៗដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ចេក ម្រេច។ល។
នៅឆ្នាំ ២០២៤ ទិន្នផលកសិផលទាំងនេះនៅក្នុងខេត្តភាគឦសានចំនួន ៤ ស្រូបយកចំនួន ២០-៦០% នៃទិន្នផលសរុបរបស់ប្រទេស ដែលបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពផលិតកម្ម និងលក្ខខណ្ឌអំណោយផលទាក់ទងនឹងសារធាតុចិញ្ចឹមនៃដី ភូមិសាស្ត្រ និងអាកាសធាតុក្នុងតំបន់សម្រាប់ដំណាំខាងលើ។
លើសពីនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិដូចជា អាកាសធាតុត្រជាក់ ខ្យល់អាកាសបរិសុទ្ធ ធនធានធម្មជាតិចម្រុះ... ធ្វើឱ្យខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជាក្លាយជាតំបន់ដែលមានសក្តានុពលសម្បូរបែបសម្រាប់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ជាពិសេសគឺទេសចរណ៍ស្វែងយល់ពីអត្តសញ្ញាណតំបន់ ជាមួយនឹងផលិតផលទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្តជាក់លាក់ទៅតាមតំបន់នីមួយៗ និងតំបន់ទាំងមូល។
លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យដឹងថា ផ្អែកលើទស្សនវិស័យអភិវឌ្ឍន៍តម្រង់ទិសលើកកម្ពស់គុណសម្បត្តិក្នុងតំបន់ កម្មវិធីពិសេសជំរុញការវិនិយោគនៅតំបន់ភូមិភាគឦសាន្តកម្ពុជា កំណត់វិស័យអាទិភាពចំនួនបី រួមមាន កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ព្រោះថានេះជាវិស័យសមស្របទាំងបី លើកកម្ពស់កត្តាទាជ្ជទានរបស់តំបន់ និងអាចបំពេញគ្នាទៅវិញទៅមកបាន។
ក្នុងស្មារតីនោះ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគឱ្យចូលរួមក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាគាំទ្រតាមរយៈដំណោះស្រាយគោលនយោបាយចំនួនបី រួមមានការសម្រួលពន្ធ និងគយ ការផ្តល់ឥណទានអនុគ្រោះ ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការជួយសម្រួលនីតិវិធី និងជួយគាំទ្រការវិនិយោគឯកជន។
មានអនុសាសន៍ក្នុងកម្មវិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគ នៅតំបន់ភូមិភាគឦសាន្តសម្រាប់ឆ្នាំ២០២៥-២០២៨ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើចំណុចពិសេសចំនួន៥ នៃកម្មវិធី។ ក្នុងនោះរួមមានការលើកទឹកចិត្តផ្នែកវិនិយោគលើសលប់ ការបង្កើតយន្តការច្រកចេញចូលតែមួយដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង ការលើកទឹកចិត្តអ្នកវិនិយោគក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។
លើសពីនេះ ធុរកិច្ចដែលកំពុងប្រតិបត្តិការក្នុងខេត្តទាំង៤ខាងលើ ប៉ុន្តែមិនទាន់បានចុះបញ្ជីបង់ពន្ធអាចស្ម័គ្រចិត្តចុះបញ្ជីបង់ពន្ធនៅឆ្នាំ២០២៥ និងទទួលបានការលើកលែងឱ្យរួចផុតពីការកាត់ទោសដោយសារជំពាក់បំណុលពន្ធ និងការផាកពិន័យដោយសារកំហុសកន្លងមក។ ពាក់ព័ន្ធនឹងយន្តការច្រកចេញចូលតែមួយ និងការដោះស្រាយបញ្ហានៅនឹងកន្លែង៖ រាជរដ្ឋាភិបាលបានបង្កើត "ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)" ដែលជាយន្តការច្រកចេញចូលតែមួយ ផ្អែកលើភាពជោគជ័យនៃ "ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ"។ ក្រុមការងារនេះនឹងដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការពិនិត្យ វាយតម្លៃ និងអនុម័តគម្រោង ផ្តល់លិខិតអនុញ្ញាត និងតាមដានការអនុវត្តគម្រោងវិនិយោគនានាក្រោមកម្មវិធីពិសេសនេះ។ វិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័ត និងឯកសារពាក់ព័ន្ធផ្សេងៗទៀតជាមួយ ក្រុមការងារ ក.វ.ឦសាន តែម្តង ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីតាមក្រសួង ស្ថាប័ននីមួយៗ។ ការិយាល័យរបស់ក្រុមការងារនេះមានទីតាំងនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (OCIC ជ្រោយចង្វារ) និងនៅតាមរដ្ឋបាលខេត្តទាំងបួន។
កម្មវិធីពិសេសជំរុញការវិនិយោគនៅតំបន់ភូមិភាគឦសាន ដំណាក់កាល ២០២៥-២០២៨ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ថាជាកម្មវិធីពិសេស ក្នុងគោលបំណងពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ចទៅកាន់ខេត្តឆ្ងាយ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់ និងតាមវិស័យ បង្កើតការងារនិងពង្រីកសកម្មភាពធ្វើអាជីវកម្មតាមទម្រង់អភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងទម្រង់កំណើនសេដ្ឋកិច្ចដោយផ្អែកលើតួនាទីឯកជនជាស្នូល៕
បកប្រែដោយ Minh Trung