នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនប្ដេជ្ញាជំរុញសេដ្ឋកិច្ច និងការពារអតិផរណា
កាលពីថ្ងៃទី ២១ ខែតុលា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន បានប្រកាសថា លោកស្រីនឹងបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលតាក់តែងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបនឹងការចំណាយប្រចាំថ្ងៃកាន់តែកើនឡើង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ លោកស្រី Takaichi បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងផ្តល់អាទិភាពដល់គោលនយោបាយសេដ្ឋកិច្ច ជំនួសឱ្យការជ្រើសរើសលទ្ធភាពនៃការរំសាយសភាតំណាងរាស្ត្រ ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់។
    |
 |
លោកស្រី Takaichi ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ (រូបថត៖ vnanet.vn) |
លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា នឹងលុបបំបាត់អត្រាពន្ធជាបណ្ដោះអាសន្នលើប្រេងសាំង និងបង្កើនកម្រិតចំណូលដែលមិនជាប់ពន្ធពីកម្រិតបច្ចុប្បន្នគឺ ១.០៣ លានយ៉េន (ប្រហែល ៦,៨០០ ដុល្លារអាមេរិក) តាមរយៈការផ្ទៀងស្តាប់មតិយោបល់របស់គណបក្សប្រឆាំង។ វិធានការសេដ្ឋកិច្ចទាំងនេះ នឹងជួយបង្កើនប្រាក់ចំណូលសុទ្ធរបស់ប្រជាជន និងកាត់បន្ថយបន្ទុកសម្រាប់ប្រជាជន។
ចំណែកឯផ្នែកការទូតវិញ លោកស្រី Takaichi មានបំណងចង់ជួបជាមួយថ្នាក់ដឹកនាំប្រទេសដទៃទៀតនៅក្នុងកិច្ចប្រជុំទាក់ទងនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ីនៅចុងសប្តាហ៍នេះ និងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូងនាចុងខែនេះ។
លោកស្រី Takaichi ទើបតែត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន និងជានាយករដ្ឋមន្ត្រីទី ៦៦ របស់ប្រទេសនេះ៕
តាម vovworld.vn