ឡាវ និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
កប.អនឡាញ - ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការឆ្នាំ២០២៣ រវាងភាគីទាំងពីរ លើការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន ប្រឆាំងបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់...
តបតាមការអញ្ជើញរបស់លោក Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ និងចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ២០២៣ រវាងក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងមហាផ្ទៃកម្ពុជា។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីររួមមានខេត្តចំប៉ាសាក់ និងខេត្តអាតាពឿ នៃប្រទេសឡាវ និងខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ របស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានរួមគ្នាវាយតម្លៃឡើងវិញនូវស្ថានភាព និងលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការអនុវត្តផែនការសហប្រតិបត្តិការស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅឆ្នាំ២០២១; ពិភាក្សា និងអនុម័តផែនការសហប្រតិបត្តិការរវាងក្រសួងទាំងពីរនៅឆ្នាំ២០២៣។
    |
 |
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅឆ្នាំ២០២៣ (រូបថត៖ nhandan.vn) |
បើទោះជាកាលពីឆ្នាំ២០២២កន្លងទៅ ភាគីទាំងពីរមិនអាចរៀបចំសកម្មភាពដែលចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារសន្តិសុខ សណ្តាប់ធ្នាប់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវពង្រឹងការរៀបចំ និងអនុវត្តសកម្មភាពជាក់លាក់បន្ថែមទៀត ដូចជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់អង្គភាពជំនាញ សន្និសីទផ្លាស់ប្តូររវាងមូលដ្ឋាននានា ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្សព្វផ្សាយ និងអប់រំប្រជាជនរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ឲ្យរួមគ្នាអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការចេញចូលនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិនិត្យ និងឯកភាពអនុម័តលើផែនការជាច្រើន ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការអនុវត្តការងារសន្តិសុខលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ដូចជា៖ កិច្ចសហប្រតិបត្តិការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែន; សហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មដោយប្រើបច្ចេកវិទ្យាខ្ពស់; កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណៈប្រតិភូ; ការកសាងកម្លាំង និងវិស័យផ្សេងៗទៀត... ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការត្រូវតែស្របតាមគោលនយោបាយការបរទេសនៃប្រទេសទាំងពីរ ដើម្បីធានាឱ្យឡាវ និងកម្ពុជារក្សាបាននូវសន្តិសុខ ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Vilay Lakhamphong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៣៕
បកប្រែដោយ Duy Hoan