វៀតណាម-ចិនជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែន
កប.អនឡាញ - ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី១៧ ឆ្នាំ២០២៥ បានបើកនៅព្រឹកថ្ងៃទី១១ ខែធ្នូ នៅសង្កាត់ Mong Cai លេខ១ ខេត្ត Quang Ninh វៀតណាម។ នេះគឺជាពិព័រណ៍ពាណិជ្ជកម្មថ្នាក់ជាតិដែលរៀបចំជារៀងរាល់ឆ្នាំ ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងអាជ្ញាធរខេត្ត Quang Ninh និងតំបន់ស្វយ័ត Zhuang នៃខេត្ត ក្វាងស៊ី (ចិន)។
នៅក្នុងពិធីនោះ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន កំពុងចូលដល់ "ដំណាក់កាលមាសទីពីរ" ដែលបង្កើតមូលដ្ឋានអំណោយផលសម្រាប់កំណើនយ៉ាងខ្លាំងនៃទំហំពាណិជ្ជកម្មទ្វេភាគី។ ក្នុងរយៈពេល ១០ ខែកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០៧.៨ ពាន់លានដុល្លារអាមេរិក (តាមស្ថិតិវៀតណាម)។
    |
 |
|
ប្រតិភូទស្សនាការតាំងពិព័រណ៍ (រូបថត៖ vov) |
លោក Vu Ba Phu បានសង្កត់ធ្ងន់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមតែងតែយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននានានៃប្រទេសចិន ដើម្បីជួយគាំទ្រដល់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ ខេត្តក្វាងស៊ីគឺជាដៃគូដ៏សំខាន់មួយ ដែលជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជាមូលដ្ឋានមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងជាក់ស្តែងជាមួយស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម។
ពិព័រណ៍នៅឆ្នាំនេះមានស្តង់ប្រមាណ ៣០០ នៃធុរកិច្ចវៀតណាម និងចិន រួមជាមួយនឹងតំបន់តាំងពិព័រណ៍សម្រាប់ការជម្រុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងពិព័រណ៍ផ្សព្វផ្សាយផលិតផល OCOP របស់ខេត្ត Quang Ninh និងតំបន់តាំងពិព័រណ៍ដែលបង្ហាញពីសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាននានានៃប្រទេសទាំងពីរ។
ពិព័រណ៍ឆ្នាំនេះប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
បកប្រែដោយ Thuy Anh