ក្រុមហ៊ុន Vietnam Airlines បើកឡើងវិញនូវជើងហោះហើរត្រង់ហាណូយ-មូស្គូ តាំងពីថ្ងៃទី ៨ ខែឧសភា
កប.អនឡាញ - បន្ទាប់ពីអាក់ខានអស់រយៈពេល ៣ ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) នឹងបើកឡើងវិញជាផ្លូវការនូវជើងហោះហើរត្រង់ហាណូយ-មូស្គូ (រុស្ស៊ី) តាំងពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥។
ការបើកឡើងវិញនូវជើងហោះហើរនេះមិនត្រឹមតែបង្កើនការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងើបឡើងវិញយ៉ាងរឹងមាំនៃផ្នែកអាកាសចរណ៍ និងទេសចរណ៍នៃប្រទេសទាំងពីរ។
ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន Vietnam Airlines នឹងមានជើងហោះហើរ ២ ជើងក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់យន្តហោះ Boeing 787។ តាំងពីខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងបង្កើនឡើង ៣ ជើងក្នុងមួយសប្តាហ៍ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អ្នកដំណើរ។
    |
 |
ក្រុមហ៊ុន Vietnam Airlines បើកឡើងវិញនូវជើងហោះហើរត្រង់ហាណូយ - មូស្គូ (រូបថត៖ bnews.vn) |
ក្នុងឱកាសនេះ ក្រុមហ៊ុន Vietnam Airlines មានកម្មវិធីផ្សព្វផ្សាយដ៏គួរឲ្យទាក់ទាញជាច្រើន រួមទាំងតម្លៃសំបុត្រធ្វើដំណើរទៅមក ពីទីក្រុងហាណូយទៅកាន់ទីក្រុងមូស្គូពី ១៦,៤១៩,០០០ ដុង (រួមទាំងពន្ធ និងថ្លៃសេវា)។ ទន្ទឹមនឹងនោះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៥០% លើថ្លៃសេវាដាក់ឥវ៉ាន់ដែលបង់ប្រាក់ជាមុន និងការបញ្ចុះតម្លៃ ៣០% លើថ្លៃជ្រើសរើសកៅអី។
កម្មវិធីខាងលើអនុវត្តចំពោះសំបុត្រដែលលក់ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ និងជើងហោះហើរដែលហោះហើរពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥។ អ្នកដំណើរអាចកក់សំបុត្រតាមរយៈគេហទំព័រ កម្មវិធីទូរស័ព្ទ ការិយាល័យលក់សំបុត្ររបស់ Vietnam Airlines។
ជើងហោះហើរត្រង់ហាណូយ-មូស្គូ មិនត្រឹមតែជួយអ្នកដំណើរមានជម្រើសក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងមានសុវត្ថិភាពជាមួយនឹងសេវាកម្មគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។
គេរំពឹងថានៅឆ្នាំ២០២៥ ក្រុមហ៊ុន Vietnam Airlines នឹងបើកថ្មី និងបើកឡើងវិញនូវជើងហោះហើរអន្តរជាតិចំនួន ១៥ ទៅកាន់គោលដៅសំខាន់ៗដូចជា អ៊ីតាលី រុស្ស៊ី ដាណឺម៉ាក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង UAE៕
បកប្រែដោយ Thanh Cong