វៀតណាមសន្យាជំរុញកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅអនាគតឌីជីថល
កប.អនឡាញ - វេទិកាគោលនយោបាយក្រោមប្រធានបទ “វៀតណាមម្ចាស់ការអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យថ្មី” ដែលរៀបចំដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និង Aitomatic សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅនាថ្ងៃ ១៤ មីនា នៅទីក្រុងហាណូយ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកជំនាញបច្ចេកវិទ្យា អ្នកតាក់តែងគោលនយោបាយ និងធុរកិច្ចបានអញើញចូលរួមផងដែរ។ ជាពិសេស វេទិកានេះក៏មានការចូលរួមពីប្រតិភូជាង ១,០០០នាក់ ដែលជាអ្នកដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាជាន់ខ្ពស់មកពី Google, Meta, NVIDIA, IBM, Intel, TSMC, MediaTek, Tokyo Electron, Panasonic, Marvell... និងអង្គភាពអាជីវកម្មជាច្រើនមកពី Silicon Valley សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា បារាំង អាល្លឺម៉ង់ និងប្រទេសហូឡង់។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងវេទិកា |
អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមចាត់ទុកបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្ម semiconductor ជាកត្តាជំរុញកំណើនដ៏សំខាន់ ជាមួយនឹងគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមកំពុងធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវគោលនយោបាយ និងកសាងគោលនយោបាយបើកចំហ ដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត។ វៀតណាមក៏បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ ជាពិសេស ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត AI និងបន្ទះឈីប semiconductor។ យោងតាមលោកនាយករដ្ឋមន្ត្រី ដើម្បីអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត វៀតណាមកំពុងជំរុញការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវការកិច្ចសហប្រតិបត្តិការ និងការចែករំលែកពីដៃគូនានា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា៖ “វៀតណាមសង្ឃឹមថា ដៃគូ និងអ្នកវិនិយោគបរទេសនឹងផ្តល់យោបល់អំពីវិធីសាស្ត្រអភិក្រម ចក្ខុវិស័យ និងគោលដៅ ដើម្បីធានាថា សមស្របនឹងស្ថានភាពនៅវៀតណាម និងលើពិភពលោក។ យើងខ្ញុំស្នើឲ្យដៃគូនានាផ្តល់ការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ដូចជាកម្ចីអនុគ្រោះ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសមហេតុផល; ជួយវៀតណាមកសាងមូលនិធិវិនិយោគ អភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ កែលម្អទីផ្សារភាគហ៊ុន ទាក់ទាញការវិនិយោគទាំងផ្ទាល់ និងដោយប្រយោល ...”។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមពិធីប្រកាស និងដាក់ឲ្យដំណើរការគំនិតផ្តួចផ្តើម រួមមាន៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្ស semiconductor; គំនិតផ្តួចផ្តើមថ្នាលបណ្តុះ និងអភិវឌ្ឍន៍ការចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យ semiconductor; គំនិតផ្តួចផ្តើមឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមក្នុងសម្ព័ន្ធភាពបញ្ញាសិប្បនិម្មិតសកល៕
បកប្រែដោយ Thanh Cong