វៀតណាម និងអាមេរិកជំរុញទំនាក់ទំនងពាណិជ្ជកម្ម
កប.អនឡាញ - នាថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) នៅទីក្រុង Washington D.C លោក Nguyen Hong Dien បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Jamieson L. Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
អញ្ជើញចូលរួមកិច្ចពិភាក្សាក៏មានលោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។
នៅក្នុងជំនួប លោករដ្ឋមន្ត្រី Nguyen Hong Dien បានចែករំលែកទស្សនៈ និងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះបានលើកឡើងដំណោះស្រាយជាក់ស្តែង និងច្បាស់លាស់ដើម្បីជំរុញទំនាក់ទំនង វៀតណាម-អាមេរិក ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងនិរន្តរភាពថែមទៀត។ លើសពីនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានលើកឡើងដំណោះស្រាយដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានតុល្យភាពថែមទៀត។
    |
 |
លោក Nguyen Hong Dien បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ជួបពិភាក្សាការងារជាមួយលោក Jamieson L. Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក (រូបថត៖ moit.gov.vn) |
រីឯលោក Jamieson L. Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក បានវាយតម្លៃខ្ពស់ចំពោះទស្សនៈដ៏ច្បាស់លាស់ និងត្រង់ៗរបស់លោករដ្ឋមន្ត្រី Nguyen Hong Dien។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចែករំលែក និងដំណោះស្រាយរបស់លោករដ្ឋមន្ត្រី ដោយចាត់ទុកថា ទាំងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងទិសដៅត្រឹមត្រូវ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា នេះជាកិច្ចពិភាក្សាដ៏សំខាន់ ដោយផ្ទាល់ និងផ្លូវការលើកដំបូងនៅថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងពីរចាប់តាំងពីអាមេរិកមានរដ្ឋបាលថ្មី។ ស្តីពីការព្រួយបារម្ភទាក់ទងនឹងគោលនយោបាយពន្ធ និងរដ្ឋាកររបស់អាមេរិក លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោក Jamieson L. Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា នេះគឺជាពេលវេលាសម្រាប់វៀតណាម និងអាមេរិកធ្វើការរួមគ្នាដើម្បីបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងនិរន្តរភាព៕
បកប្រែដោយ Huyen Trang