ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន លោក Do Thanh Trung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា សាជីវកម្មបច្ចេកវិទ្យាធំៗជាច្រើនបានសម្រេចចិត្តវិនិយោគនៅវៀតណាម។ នាពេលខាងមុខ សកម្មភាពទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្ម semiconductor និងបច្ចេកវិទ្យាខ្ពស់នឹងមានលទ្ធផលល្អប្រសើរជាង អាស្រ័យដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់របស់វៀតណាម។

អ្នកយកព័ត៌មាន៖ ក្នុងរយៈពេលកន្លងមក ថ្នាក់ដឹកនាំមួយចំនួននៃសាជីវកម្មបច្ចេកវិទ្យាបរទេសធំៗដូចជា Apple និង Nvidia បានទៅទស្សនា និងធ្វើការនៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយក្រោយមក មានព័ត៌មានថា  សាជីវកម្មទាំងនេះបានបង្វែរវិនិយោគមកកន្លែងផ្សេង។ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីបញ្ហានេះ?

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Do Thanh Trung

លោកអនុរដ្ឋមន្ត្រី Do Thanh Trung៖ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀងគរ និងទាក់ទាញការវិនិយោគបរទេស ជាពិសេសលើវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម semiconductor។ល។ ជាក់ស្តែង អង្គភាពអាជីវកម្មបរទេសមិនត្រឹមតែមកបណ្តាក់ទុននៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានបណ្តាក់ទុននៅបណ្តាប្រទេសផ្សេងទៀតផង។ ដូច្នេះ ការដែលពួកគេមកវៀតណាមតែវិនិយោគនៅប្រទេសផ្សេង ឬទៅប្រទេសផ្សេងតែវិនិយោគនៅវៀតណាមគឺធម្មតាទេ។

អ្នកយកព័ត៌មាន៖ បើតាមលោកអនុរដ្ឋមន្ត្រី តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកវិនិយោគសម្រេចចិត្តវិនិយោគ?

លោកអនុរដ្ឋមន្ត្រី Do Thanh Trung៖ ការវិនិយោគរបស់សាជីវកម្ម និងអង្គភាពអាជីវកម្មបរទេសគឺអាស្រ័យទៅលើកត្តាជាច្រើន រួមទាំងកត្តាសំខាន់ចំនួន៣។ ទីមួយ ស្ថានភាពភូមិសាស្ត្រនយោបាយ-សេដ្ឋកិច្ចរបស់ពិភពលោក តំបន់ និងវៀតណាម និន្នាការវិនិយោគ និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបញ្ហាសន្តិសុខ។ ទីពីរ អាស្រ័យលើយុទ្ធសាស្ត្រវិនិយោគ គោលដៅវិនិយោគ និងអភិវឌ្ឍន៍ ការវាយតម្លៃភាពសមស្របនៃទីតាំងនីមួយៗ តំបន់នីមួយៗ និងការដាក់ពង្រាយធនធាន។ល។ ទី៣ ការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការទាក់ទាញសាជីវកម្មបច្ចេកវិទ្យាធំៗនៅលើពិភពលោក រួមទាំងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

អ្នកយកព័ត៌មាន៖ តើវៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់អ្វីខ្លះ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគពីបរទេសប្រកបដោយគុណភាពខ្ពស់?

លោកអនុរដ្ឋមន្ត្រី Do Thanh Trung៖ រដ្ឋាភិបាលបានផ្តល់ការណែនាំយ៉ាងខ្លាំងក្លាក្នុងការទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់។ ចំពោះគោលនយោបាយនានា វៀតណាមកំពុងបំពេញបន្ថែមប្រព័ន្ធច្បាប់ យន្តការ និងគោលនយោបាយ ដើម្បីកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។

អំពីហេដ្ឋារចនាសម្ព័ន្ធ វៀតណាមធានានូវហេដ្ឋារចនាសម្ព័ន្ធរួមមាន ការធ្វើចរាចរណ៍តាមផ្លូវគោក តាមផ្លូវទឹក តាមផ្លូអាកាសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផលិតកម្ម។ ទន្ទឹមនឹងនោះ យើងផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ ជាពិសេសមជ្ឈមណ្ឌលនវានុវត្តន៍ បង្កើតបរិយាកាស និងគោលនយោបាយបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សាជីវកម្មបរទេសមកវិនិយោគ និងផលិតនៅវៀតណាម។ ទាក់ទិននឹងធនធានមនុស្ស វៀតណាមមានកម្លាំងពលកម្មច្រើនក្នុងវិស័យបច្ចេកទេស និងបច្ចេកវិទ្យាជាពិសេសក្នុងឧស្សាហកម្ម semiconductor។

leftcenterrightdel
វគ្គបណ្តុះបណ្តាលអ្នកទេពកោសល្យផ្នែកបច្ចេកវិទ្យា រៀបចំដោយ Samsung និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ

អ្នកយកព័ត៌មាន៖ តើអ្វីជាប្រៀបខ្លាំងរបស់វៀតណាមក្នុងការទាក់ទាញលំហូរទុនវិនិយោគដែលមានគុណភាពខ្ពស់?

លោកអនុរដ្ឋមន្ត្រី Do Thanh Trung៖ យើងអាចនិយាយបានថា រដ្ឋាភិបាលវៀតណាមមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាឧស្សាហកម្មអេឡិចត្រូនិក និងបន្ទះឈីប semiconductor ជាដើម។ យើងកំពុងខិតខំកែលម្អកត្តាទាំងបីរួមមាន គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសាជីវកម្ម។ វៀតណាមកំពុងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្ម semiconductor និងផ្តល់ការគាំទ្រអតិបរមាសម្រាប់អ្នកវិនិយោគបរទេស ជាពិសេសសហរដ្ឋអាមេរិក ក្នុងការវិនិយោគ និងធ្វើអាជីវកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម semiconductor នៅវៀតណាម។

ជាក់ស្តែង វៀតណាមបាននិងកំពុងទាក់ទាញសាជីវកម្មបច្ចេកវិទ្យាធំៗកាន់តែច្រើនឡើង។ នៅក្នុងឧស្សាហកម្ម semiconductor សាជីវកម្មធំ ៗ កាន់តែច្រើនឡើងពីប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) និងជាពិសេសសាជីវកម្មអាមេរិកកំពុងវិនិយោគ និងសហប្រតិបត្តិការជាក់ស្តែងនៅក្នុងប្រទេសវៀតណាម ដូចជា៖ ក្រុមហ៊ុន Intel, Amkor ក្នុងការវេចខ្ចប់ និងការធ្វើតេស្ត; ក្រុមហ៊ុន Marvell, Qorvo, Qualcomm ក្នុងការរចនា; ក្រុមហ៊ុន Synopsys, Cadence ក្នុងការផ្តល់នូវឧបករណ៍រចនាបន្ទះឈីប។ល។ ថ្មីៗនេះ ថ្នាក់ដឹកនាំសាជីវកម្ម Nvidia បានបន្តបំពេញទស្សនកិច្ចនៅវៀតណាម ហើយសន្យាសហប្រតិបត្តិការលើ AI និង semiconductors។ ទន្ទឹមនឹងនោះ នាពេលថ្មីៗនេះ ក្រសួងផែនការ និងវិនិយោគវៀតណាមបានសម្របសម្រួលជាមួយក្រុមហ៊ុន Samsung វៀតណាម រៀបចំកម្មវិធីបណ្តុះបណ្តាលវិស្វករជាង ២០០ នាក់។ នេះគឺជាសកម្មភាពមួយក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងអប់រំ និងអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់សម្រាប់ជំនាន់វ័យក្មេងរបស់វៀតណាមរវាង Samsung Vietnam និងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបំប៉ន់អ្នកទេពកោសល្យផ្នែកបច្ចេកវិទ្យា ធ្វើឲ្យវៀតណាមក្លាយជាគោលដៅនៃការធ្វើនវានុវត្តន៍ក្នុងតំបន់ និងនៅលើពិភពលោក។

ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម កសាងគម្រោងនានាដែលភ្ជាប់ជាមួយការកែលម្អគោលនយោបាយន ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អគុណភាពនៃធនធានមនុស្ស និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល យើងខ្ញុំជឿជាក់ថាលទ្ធផលនៃការទាក់ទាញទុនវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់នឹងកាន់តែប្រសើរឡើង។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang