បង្កើតសន្ទុះសម្រាប់ទំនិញវៀតណាមក្នុងទីផ្សារ CPTPP
កប.អនឡាញ - បន្ទាប់ពីរយៈពេលជិត ៥ ឆ្នាំនៃការអនុវត្ត កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បាននាំមកនូវកំណើននៃការនាំចេញសម្រាប់វៀតណាម ប៉ុន្តែតម្លៃបន្ថែមទីផ្សារដែលនាំមកជូនទំនិញវៀតណាម នៅតែមានកម្រិតតិចតួចនៅឡើយ។ ហេតុផលត្រូវបានគេនិយាយថា ផលិតផលវៀតណាមជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារ CPTPP នៅតែមានម៉ាកយីហោបរទេស។ ការកសាងម៉ាកយីហោត្រូវតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បង ដោយហេតុនេះបង្កើតតម្លៃបន្ថែម និងការប្រកួតប្រជែងសម្រាប់ទំនិញវៀតណាម។
ទំហំពាណិជ្ជកម្មកើនឡើង ប៉ុន្តែទំនិញនាំចេញភាគច្រើនជាវត្ថុធាតុដើម
CPTPP ចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ តទៅ។ សហគ្រាសវៀតណាមបានទាញយកផលប្រយោជន៍ពីកាលានុវត្តភាពប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារ CPTPP និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២២ ទំហំនាំចេញរបស់វៀតណាមទៅកាន់បណ្តាប្រទេស CPTPP សម្រេចបាន ៥៣.៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៣% បើធៀបនឹងឆ្នាំ ២០២១ ជាពិសេសនៅទីផ្សារកាណាដា ម៉ិកស៊ិក ប៉េរូ - ទីផ្សារដែលពីមុនមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។
លោក Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ឬអំឡុងពេលនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនៅលើពិភពលោកក៏ដោយ ក៏អត្រាកំណើននៃការនាំចេញទៅកាន់ទីផ្សារកាណាដា និងម៉ិកស៊ិក តែងតែជាកំណើនពីរខ្ទង់។ ជាឧទាហរណ៍ ក្នុងឆ្នាំ ២០២២ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសកាណាដាបានកើនឡើងចំនួន ២៦.៤% នៅក្នុងតម្លៃធៀបនឹងឆ្នាំ ២០២១ និងក្រោយពីរយៈពេល ៥ ឆ្នាំនៃការអនុវត្ត CPTPP ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះបានកើនឡើងទ្វេដងពោលគឺពី ៤.១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ៩.៩ ពាន់លានដុល្លារក្នុង២០០២។ ជាមួយនឹងទីផ្សារប៉េរូ សក្ដានុពលសម្រាប់កំណើននៃទីផ្សារនេះនៅតែមានច្រើនណាស់។ នោះគឺជាចំណុចវិជ្ជមាន និងបង្ហាញយ៉ាងច្បាស់លាស់ថា សហគ្រាសវៀតណាមបានទាញយកផលប្រយោជន៍យ៉ាងសកម្មពីកាលានុវត្តភាពដែល CPTPP នាំមក។
    |
 |
សកម្មភាពផលិតនៅក្រុមហ៊ុនមួយនៅវៀតណាម |
ទោះជាយ៉ាងនេះក្តី លោក Ngo Chung Khanh ក៏បានលើកឡើងដែរថា សក្ដានុពលសម្រាប់អាជីវកម្មអាចជ្រៀតចូលកាន់តែជ្រៅទៅក្នុងទីផ្សារដូចជា កាណាដា ម៉ិកស៊ិក និងប៉េរូ នៅតែមានច្រើនណាស់។ បច្ចុប្បន្ន មានផលិតផលដែលមានត្រឹមតែប្រហែល ៣-៥% នៅក្នុងទីផ្សារទាំងនោះប៉ុណ្ណោះ។ បញ្ហាមួយទៀតគឺថាវត្តមានម៉ាកយីហោរបស់វៀតណាមនៅក្នុងទីផ្សារទាំងនេះនៅមានកម្រិតតិចតួច។
ស្តីអំពីរឿងម៉ាកយីហោរបស់ទំនិញវៀតណាមក្នុងទីផ្សារ CPTPP លោកស្រី Trinh Huyen Mai អនុប្រធានការិយាល័យគោលនយោបាយជំរុញពាណិជ្ជកម្ម នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានមានប្រសាសន៍ថា ទោះបីជាមិនមានការស្ថិតិជាក់លាក់អំពីចំនួនសហគ្រាសវៀតណាមដែលនាំចេញទៅកាន់ទីផ្សារ CPTPP ជាមួយនឹងម៉ាកយីហោផ្ទាល់របស់ពួកគេ ប៉ុន្តែជាទូទៅចំនួននេះនៅតែមានកម្រិតតិចតួចនៅឡើយ។ បច្ចុប្បន្ននេះ សហគ្រាសនាំចេញផលិតផលឆៅ និងមិនបានកែច្នៃ ជាភាគច្រើន។
ចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនិត
ស្តីពីហេតុផលដែលម៉ាកយីហោទំនិញវៀតណាមមិនត្រូវបានអភិវឌ្ឍខ្លាំងនៅក្នុងទីផ្សារខាងលើ ស្ថាប័នជំនាញ និងអង្គភាពអាជីវកម្មបានវាយតម្លៃថា ដោយសារតែអង្គភាពអាជីវកម្មមិនបានដឹងពីសារៈសំខាន់នៃការអភិវឌ្ឍម៉ាកយីហោនៅក្នុងទីផ្សារ។ ការកសាងម៉ាកយីហោ ពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែវានឹងជួយឱ្យអាជីវកម្មទាញយកផលប្រយោជន៍ពីកាលានុវត្តភាពកាន់តែប្រសើរឡើង ជាពិសេសការបង្កើនតម្លៃដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ដោយសង្កត់ធ្ងន់លើទស្សនៈថា ការកសាងម៉ាកយីហោមិនត្រូវការប្រាក់ច្រើននោះទេ ប៉ុន្តែត្រូវមានគំនិត និងយុទ្ធសាស្ត្រ លោក Ngo Chung Khanh បានមានប្រសាសន៍ថា ប្រសិនបើចង់បង្កើតម៉ាកយីហោនៅក្នុងទីផ្សារនាំចេញ ដំបូងឡើយ សហគ្រាសត្រូវគិតអំពីស្តង់ដារ។ សហគ្រាសត្រូវតែស្រាវជ្រាវតម្រូវការទីផ្សារ បន្ទាប់មកពិនិត្យមើលឡើងវិញនូវអ្វីដែលសហគ្រាសមាន។ ប្រទេសនីមួយៗមានស្តង់ដាររៀងៗខ្លួន ប៉ុន្តែត្រូវតែធានាសុវត្ថិភាពចំណីអាហារ និងលក្ខខណ្ឌទីផ្សារដែលត្រូវការដូចជា ផលិតផលបៃតង ការរចនា រចនាប័ទ្ម។ល។
ដើម្បីទាញយកផលប្រយោជន៍ពីសកម្មភាពជំរុញពាណិជ្ជកម្ម ដោយហេតុនោះកសាង និងអភិវឌ្ឍម៉ាកយីហោប្រកបដោយប្រសិទ្ធភាព លោកស្រី Trinh Huyen Mai បានផ្តល់អនុសាសន៍ថា អង្គភាពអាជីវកម្មគប្បីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម ដើម្បីទាញយកផលប្រយោជន៍ពីម៉ាកយីហោជាតិម៉ាកយីហោផលិតផល ម៉ាក់សម្គាល់ភូមិសាស្ត្រ និងម៉ាកយីហោរួមរបស់វៀតណាមនៅពេលចូលទីផ្សារថ្មី។ ក្រៅពីការវិនិយោគលើយុទ្ធសាស្រ្តម៉ាកយីហោ សហគ្រាសក៏ត្រូវយកចិត្តទុកដាក់លើផែនការផ្សព្វផ្សាយជាប្រចាំ ចុះឈ្មោះ និងការពារកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល និងម៉ាកយីហោផលិតផលរបស់សហគ្រាសនៅក្នុងទីផ្សារបរទេស។ ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មបានដឹកនាំនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងអង្គភាពពាក់ព័ន្ធ បន្តកសាង និងអភិវឌ្ឍន៍ម៉ាកយីហោទំនិញវៀតណាមយ៉ាងខ្ជាប់ខ្ជួន៕
បកប្រែដោយ Huyen Trang