នៅក្នុងជំនួបនេះ លោក Ho Duc Phoc រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រសំខាន់ និងជាប្រទេសផ្ដល់ប្រាក់កម្ចី ODA ដ៏ធំបំផុតរបស់វៀតណាម។ ទន្ទឹមនឹងនោះ សហគ្រាសជប៉ុនក៏កំពុងបន្តពង្រីកការវិនិយោគនៅវៀតណាមផងដែរ។

leftcenterrightdel
លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ធ្វើការជាមួយនាយកទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុជប៉ុន (រូបថត៖ vnanet.vn)

ចែករំលែកអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម លោក Ho Duc Phoc ចាត់ទុកថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនៅបច្ចុប្បន្ននេះមានអំណោយផលខ្លាំង។ វៀតណាមសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងសម្រេចបានជាង ៨% ហើយទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូល នឹងសម្រេចបានប្រហែល ៧៣០ ពាន់លានដុល្លារអាមេរិក ហើយអតិរេកពាណិជ្ជកម្ម ១១.២ ពាន់លានដុល្លារអាមេរិក។

លោក Ho Duc Phoc សង្ឃឹមថា នាពេលខាងមុខ ដោយមានបទពិសោធន៍ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ JFSA នឹងបន្តសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញការបង្កើតតម្លៃជាសកល និងធានាផលប្រយោជន៍របស់ប្រទេសទាំងពីរ។ លោក Ho Duc Phoc បានថ្លែងថា ក្រសួងហិរញ្ញវត្ថុវៀតណាមរំពឹងថា នឹងទទួលបានកិច្ចសហប្រតិបត្តិការ ជំនួយ និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារធានារ៉ាប់រង (ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងហានិភ័យគ្រោះមហន្តរាយ...) ក៏ដូចជា បទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារមូលបត្របំណុល។ល។

leftcenterrightdel
ភាគីទាំងពីរផ្លាស់ប្តូរយោបល់អំពីទីផ្សារហិរញ្ញវត្ថុរវាងវៀតណាម និងជប៉ុន (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោក Nakajima Junichi នាយក JFSA បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសសម្រេចបាននូវកំណើនវិជ្ជមាន គ្រប់គ្រងអតិផរណា និងរក្សាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងនាមជាប្រធានស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុជប៉ុន លោក Nakajima Junichi បានបញ្ជាក់ថា នាពេលខាងមុខ JFSA នឹងគាំទ្រក្រសួងហិរញ្ញវត្ថុវៀតណាមក្នុងការចូលរួមវេទិកាអន្តរជាតិរបស់អ្នកគ្រប់គ្រងសកម្មភាពសវនកម្មឯករាជ្យ (ប្រទេសជប៉ុនគឺជាលេខាធិការដ្ឋាននៃវេទិកានេះ)។ លោកក៏បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈនោះ ជួយវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ ទីផ្សារមូលធន ទីផ្សារធានារ៉ាប់រង និងទីផ្សារមូលបត្រផងដែរ៕

បកប្រែដោយ Thuy Anh