ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងដៃគូអាមេរិក
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែមីនា លោកស្រី Nguyen Thi Le អនុលេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកស្រី Melissa Brown ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកការិយាល័យពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុង។
តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោកស្រី Nguyen Thi Le បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចការងាររបស់ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកនៅទីក្រុង ក្នុងឱកាសទិវានារីអន្តរជាតិ (ថ្ងៃទី៨ ខែមីនា)។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ទីក្រុង ជាមួយនឹងទំហំនៃការនាំចូល និងនាំចេញសរុបប្រមាណ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៣.៨% បើធៀបនឹងឆ្នាំ ២០២១។
    |
 |
លោកស្រី Melissa Brown ជូនផ្កាដល់លោកស្រី Nguyen Thi Le (រូបថត៖ vnanet.vn) |
ទីក្រុងហូជីមិញមានបំណងចង់ថា ក្រសួងការបរទេសអាមេរិកនឹងយកចិត្តទុកដាក់ដល់ការណែនាំធុរកិច្ចអាមេរិកមកស្វែងយល់ទីផ្សារវិនិយោគក្នុងទីក្រុង លើវិស័យដែលទីក្រុងផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍ ហើយសហរដ្ឋអាមេរិកមានសក្តានុពល ដូចជា កសាងទីក្រុងឆ្លាតវៃ បរិវត្តកម្មឌីជីថល នវានុវត្តន៍ បរិស្ថាន។ល។
ទន្ទឹមនឹងនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយដៃគូ និងបណ្តាមូលដ្ឋាននានារបស់សហរដ្ឋអាមេរិកលើវិស័យអប់រំ ការទូតរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ ក៏បាន និងកំពុងមានការរីកចម្រើន រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកស្រី Melissa Brown បានចែករំលែកនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងលើគ្រប់លំដាប់ថ្នាក់រវាងវៀតណាម និងសហរដ្ឋអាមេរិក។ លោកស្រី Melissa Brown មានបំណងចង់អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងបំផុតនូវទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះសមិទ្ធផលក្នុងទំនាក់ទំនងទ្វេភាគី ហើយមានបំណងចង់តំឡើងទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាមក្នុងឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ ក្រសួងការបរទេសអាមេរិករំពឹងថា ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
បកប្រែដោយ Thuy Anh