leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

 

នៅក្នុងសន្និសីទពាណិជ្ជកម្ម ភាគីទាំងពីរនឹងធ្វើបច្ចុប្បន្នភាពលើស្ថានភាពទីផ្សារស្បែកជើងនៅសហរដ្ឋអាមេរិកក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 និងវាយតម្លៃលើសក្ដានុពលនាពេលខាងមុខ។ ការបង្ហាញទិសដៅនិងគោលនយោបាយរបស់​វៀតណាមក្នុងការអភិវឌ្ឍនិងជំរុញពាណិជ្ជកម្មស្បែកជើងនៅទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងបង្កកាលានុវត្តភាព តភ្ជាប់សហគ្រាសវៀតណាមនិងសហគ្រាសសហរដ្ឋអាមេរិកលើវិស័យនេះ។

ស្បែកជើងគឺជាទំនិញនាំចេញដ៏សំខាន់មួយក្នុងចំណោមទំនិញនាំចេញរបស់វៀតណាម។ ឆ្នាំ ២០១៩ ត្រូវបានគេចាត់ទុកថា ជាឆ្នាំទទួលបានជោគជ័យក្នុងការនាំចេញស្បែកជើង ដោយទំហំពាណិជ្ជកម្មសម្រេចបាន ១៨,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះវៀតណាមនាំចេញស្បែកជើងទៅកាន់សហរដ្ឋអាមេរិកគឺ ៦,៦៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,២% ។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចូលស្បែកជើងធំបំផុតរបស់វៀតណាម ដោយមានទំហំនាំចូល ១,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩។  

តាមរយៈសន្និសីទពាណិជ្ជកម្មនេះ សហគ្រាសវៀតណាមនិងសហគ្រាសនាំចូលសហរដ្ឋអាមេរិកកាន់តែយល់ច្បាស់ថែមទៀតពីតម្រូវការនិងសមត្ថភាពរបស់គ្នាទៅវិញទៅមក សំដៅឆ្ពោះទៅរកការព្រមព្រៀងនិងឱកាសជំរុញពាណិជ្ជកម្មដើម្បីផលប្រយោជន៍របស់សហគ្រាសនៃភាគីរៀងៗខ្លួន​ រួមចំណែកជួយគាំទ្រដល់សហគ្រាសយកឈ្នះលើរោគរាតត្បាត និងទប់ទល់នឹងការវិវត្ដផ្នែកទីផ្សារក្រោយពីបញ្ចប់ជំងឺ Covid-19  រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក៕

បកប្រែដោយ Thanh Cong