ដាំឬស្សីការពារដីព្រំដែន

ពីប៉ុស្តិ៍ការពារព្រំដែន Thanh Tri ផ្លូវកៅស៊ូរាបស្មើមួយខ្សែរត់ត្រង់ទៅព្រំដែនដោយមានប្រវែងជាង ២ គីឡូម៉ែត្រ ឆ្លងកាត់ឃុំ Thanh Tri នោះ យើងបានមើលឃើញនូវពណ៌បៃតងនៃដើមឬស្សីបានគ្របដណ្ដប់តាមខ្សែបន្ទាត់ព្រំដែន បង្កើតឡើង "កំពែងពណ៌បៃតង" មួយនៅតំបន់ព្រំដែននៃប្រទេសវៀតណាមយ៉ាងស្រស់ស្អាត។ ដើម្បីមានដើមឬស្សីពណ៌បៃតងខ្ចីស្អាតដូចសព្វថ្ងៃបែបនេះ ក៏ជាដំណើរការនៃការឃោសនា ការចលនា ការជ្រោមជ្រែង និងការឯកភាពគ្នាក្នុងចំណោមប្រជាជនផងដែរ។

លោក Thai Van Xay និងភរិយា (រស់នៅភូមិ១ ឃុំ Thanh Tri) កាលពីមុនផ្ទះគ្រួសារគាត់រស់នៅកណ្ដាលតំបន់លំនៅដ្ឋានមួយ ប៉ុន្តែនាពេលនេះ ជាងមួយឆ្នាំមកហើយ លោកនិងភរិយាបានសម្រេចចិត្តប្រគល់ផ្ទះនេះទៅឲ្យកូនប្រុសវិញ ហើយប្តីប្រពន្ធបានផ្លាស់ទៅរស់នៅផ្ទះមួយទៀតជាប់ព្រំដែននៅក្បែរប៉ុស្តិ៍ការពារព្រំដែន។ ខាងមុខផ្ទះគាត់គឺចង្កោមដើមឫស្សីចាប់ផ្តើមដុះឡើងយ៉ាងខៀវស្រងាត់។ លោក Xay បាននិយាយថា៖ “ប្រហែលជាក្នុងរយៈពេលមួយឆ្នាំទៀតទេ ចង្កោមឫស្សីទាំងនេះនឹងឡើងព័ណ៌បៃតងគ្របដណ្តប់លើខ្សែបន្ទាត់ព្រំដែននេះជាមិនខាន”។

កាលពីជាង២ឆ្នាំមុន ពេលឮថាអាជ្ញាធរមូលដ្ឋានធ្វើយុទ្ធនាការបរិច្ចាគដីដាំឫស្សី លោកមិនស្ទាក់ស្ទើរក្នុងការបរិច្ចាគដីគ្រួសារទំហំ ៦៦៦ ម៉ែត្រការ៉េ។ “ដីឥឡូវនេះមានតម្លៃដែរ ប៉ុន្តែនៅពេលដែលខ្ញុំឮពីគោលនយោបាយចលនា គ្រួសារខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការបរិច្ចាគដី ព្រោះនេះជាគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ការដាំឫស្សីការពារព្រំដែនក៏ជាការការពារអាយុជីវិតប្រជាពលរដ្ឋយើងដែរ” លោក Xay បាននិយាយ។ ដូចគ្រួសារលោក Xay នៅពេលទទួលបានការចលនា គ្រួសារលោក Le Van Van ក៏បានបរិច្ចាគដីជាង ១,០០០ ម៉ែត្រការ៉េ ដើម្បីដាំឫស្សី។

បើតាមលោក Van គ្រួសារលោកសុខចិត្តបរិច្ចាគដីព្រោះគោលនយោបាយដាំឫស្សីការពារព្រំដែនជាគោលនយោបាយធំក្នុងការសាងសង់កំពែងបៃតងតាមព្រំដែន។ “ការដាំដើមឬស្សីមិនត្រឹមតែជាជញ្ជាំងការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏ពិសិដ្ឋក្នុងការការពារប្រជាជន និងបញ្ជាក់ពីអធិបតេយ្យភាព និងសន្តិសុខព្រំដែនផងដែរ។ អ៊ីចឹងពេលអាជ្ញាធរដែនដីមានគោលនយោបាយ គ្រួសារខ្ញុំយល់ព្រមបរិច្ចាគដី ភ្លាមៗទោះបីជីវភាពនៅតែជួបការលំបាក” លោក Van បានលើកឡើងដូចខាងលើ។

លោកវរសេនីយ៍ទោ Le Trung Son ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Thanh Tri បានអះអាងថា ជាច្រើនជំនាន់មកហើយ រូបភាពដើមឬស្សីបានបង្ហាញពីស្មារតីរឹងប៉ឹង ចេះអត់ធ្មត់ ក្លាហានរបស់ប្រជាជនវៀតណាម។ ដូច្នេះការដាំឫស្សីតាមបណ្តោយព្រំដែនជាគោលនយោបាយសំខាន់ក្នុងការការពារព្រំដែន។ ដើមឫស្សីក៏មានទំនាក់ទំនងជាមួយនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរ។ ដូច្នេះពេលដើមឫស្សីពណ៌បៃតងរីកលូតលាស់ វានឹងបង្កើតរបងបៃតងនៅព្រំដែន។ ប្រការនេះក៏ជួយអះអាងអធិបតេយ្យភាពទឹកដីជាតិផងដែរ។ ទន្ទឹមនឹងនោះ ប៉ុន្មានឆ្នាំក្រោយមក ដើមប្ញស្សីតាមព្រំដែន ក៏អាចធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងតាមរយៈការធ្វើអាជីវកម្មទំពាំង ឬបង្កើតវត្ថុធាតុដើមសម្រាប់សិប្បកម្មប្រពៃណី។

នៅតាមបណ្តោយផ្លូវល្បាតព្រំដែនឆ្លងកាត់ឃុំចំនួនបីគឺ Binh Tan, Binh Hiep និង Thanh Tri ទីរួមខេត្ត Kien Tuong មានកំណាត់ផ្លូវជាច្រើនត្រូវបានគ្របដណ្តប់ដោយឫស្សីបៃតង។ មានមនុស្សតិចណាស់ដែលដឹងថា វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងមូលដ្ឋានក្នុងការដាំដុះដើម្បីការពារព្រំដែនក្នុងរយៈពេលជាច្រើនឆ្នាំ។ ដើមឫស្សីមិនត្រឹមតែជួយពង្រឹងទឹកដីប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ក្នុងការបង្កើត និងបញ្ជាក់បូរណភាពទឹកដី និងព្រំដែននៃមាតុភូមិផងដែរ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Than បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់រស់នៅតំបន់ព្រំដែន

ការតាំងទីលំនៅថ្មីនៅព្រំដែនមាតុភូមិ

ទន្ទឹមនឹងកំពែងឬស្សីពណ៌បៃតង នៅតាមព្រំដែនបច្ចុប្បន្ន បណ្តាចង្កោមលំនៅដ្ឋានដែលនៅជាប់នឹងប៉ុស្តិ៍ការពារព្រំដែន ហាក់ដូចជានាំមកនូវភាពរស់រវើក កម្លាំងរស់ថ្មីដល់តំបន់ដីព្រំដែន ។

ដោយបានកាន់តួនាទីជាមេភូមិជាង ៤ អាណត្តិ ហើយបច្ចុប្បន្នជាប្រធានសាខាសមាគមកសិករភូមិ ៦១ ឃុំ Thuan Binh ស្រុក Thanh Hoa អ្នកស្រី Nguyen Thi Kim Then បានចំណាយពេលស្ទើរតែពេញមួយជីវិត សម្រាប់ព្រំដែន។ លោកស្រី Then បានមានប្រសាសន៍ថា តាំងពីមុនមកប្រជាជនតាមព្រំដែន និងកងទ័ពការពារព្រំដែនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រពៃណី។ កាលពីមុន នៅពេលដែលប៉ុស្តិ៍ការពារព្រំដែនទើបត្រូវបានបង្កើតឡើងថ្មី លោកស្រី និងគ្រួសារចំនួន ៣ ផ្សេងទៀតក៏ជាអ្នកដំបូងគេដែលបានរុះរើផ្ទះរបស់ខ្លួនដើម្បីបើកផ្លូវឱ្យកងទ័ពការពារព្រំដែនសាងសង់បន្ទាយ។

ចាកចេញពីខេត្ត Thuan Binh ផ្លូវល្បាតតាមព្រំដែនត្រូវបានក្រាលដោយបេតុង បាននាំយើងចុះទៅកាន់ឃុំ My Thanh Tay ស្រុក Duc Hue ខ្សែព្រំដែនដែលគ្រប់គ្រងដោយប៉ុស្តិ៍កងទ័ពការពារព្រំដែន My Thanh Tay មានប្រវែង ១១,២២៩ គីឡូម៉ែត្រ ឆ្លងកាត់តាមឃុំចំនួន ៣ គឺ My Binh, Binh Hoa Hung និង My Thanh Tay ជាប់ឃុំ Toul Sdei ស្រុក Chan Threa ខេត្ត Svay Rieng ព្រះរាជាណាចក្រកម្ពុជា។

កាលពី ៣ ឬ ៤ ឆ្នាំមុន នៅលើផ្លូវនេះ ក្រៅពីប៉ុស្តិ៍កងជីវពល និងប៉ុស្តិ៍ការពារព្រំដែននៅសងខាងផ្លូវល្បាតនេះ មានតែព័ណ៌បៃតងនៃដើមឫស្សីប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពីគោលនយោបាយសាងសង់លំនៅឋាននៅជាប់នឹងប៉ុស្តិ៍ការពារព្រំដែន បន្ទាយកងទ័ពការពារព្រំដែន ផ្ទះរាប់សិបខ្នងត្រូវបានសាងសង់ឡើងយ៉ាងស្អាតៗ។

លោកវរសេនីយ៍ឯកបំរុង Nguyen Van Nam ប្រធាននយោបាយនៃប៉ុស្តិ៍កងទ័ពការពារព្រំដែន My Thanh Tay គិតត្រឹមកំណាត់ខ្សែព្រំដែនដែលគ្រប់គ្រង និងការពារដោយអង្គភាព បច្ចុប្បន្នកំពុងសាងសង់បានផ្ទះចំនួន ៦០ ខ្នងនៅជាប់នឹងប៉ុស្តិ៍ការពារព្រំដែន។

“តំបន់លំនៅដ្ឋានដែលនៅជាប់នឹងប៉ុស្តិ៍ការពារព្រំដែនបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃតំបន់ព្រំដែន។ ពីរាល់តំបន់លំនៅឋាន ប្រជាពលរដ្ឋម្នាក់ៗរស់នៅតាមព្រំដែន សុទ្ធតែជា “បង្គោលព្រំដែនរស់” រួមជាមួយកងកម្លាំង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ៕

បកប្រែដោយ Minh Trung