ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមបានកើនឡើង ៤៦% ក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក។ តាមអង្គការ និងអ្នកជំនាញការអន្តរជាតិ នេះជាភស្តុតាងដែលថា វៀតណាមតែងតែប្រកាន់យកប្រជាជនជាគោលដៅ និងកម្លាំងជំរុញការអភិវឌ្ឍន៍។

យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៣ ប្រទេសវៀតណាមត្រូវបានចំណាត់ថ្នាក់លេខ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងសន្ទស្សន៍សុភមង្គល ជាមួយនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២២ ឡើងដល់ជាង ៤១៦០ ដុល្លារ/ម្នាក់ និងអាយុជាមធ្យមរបស់ប្រជាជនលើសពី ៧៣ឆ្នាំ ខ្ពស់ជាកម្រិតមធ្យមតំបន់។ យោងតាមលោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាសាស្រ្តអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNFPA) ដែលធ្លាប់ជាប្រទេសដែលហែកហួរដោយសង្រ្គាម នាពេលនេះ វៀតណាមបានទទួលជោគជ័យក្នុងការលើកប្រជាជនរួចផុតពីភាពក្រីក្រ និងសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងសង្គមគួរឲ្យកត់សម្គាល់លើវិស័យសុខាភិបាល ការអប់រំ ការងារ វឌ្ឍនភាពបច្ចេកវិទ្យា...

លោកស្រី Naomi Kitahara បន្ថែមថា “បច្ចុប្បន្ន វៀតណាមមានសមាមាត្រនៃចំនួនប្រជាជនវ័យក្មេងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ រយៈពេលនៃចំនួនប្រជាជនមាសរបស់វៀតណាមនឹងបន្តរហូតដល់ឆ្នាំ ២០៣៩ ជាមួយនឹងវត្តមានក្រុមប្រជាជនវ័យក្មេងដែលមានផលិតភាពការងារខ្ពស់ ហើយទន្ទឹមនឹងនោះអាចទាញយកផលប្រយោជន៍នៃរចនាសម្ព័ន្ធចំនួនប្រជាជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសបន្ថែមទៀត។ នេះគឺសំខាន់ណាស់សម្រាប់ប្រទេសវៀតណាម”។

leftcenterrightdel
លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម។ ប្រភព៖ UNFPA

វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសទាំង៦ក្នុងពិភពលោក ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៥ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

លោក Herve Conan នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានវាយតម្លៃថា៖ “រដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយជាច្រើន ដើម្បីសម្រួលដល់ការចូលរួមរបស់ស្ត្រីក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ព្រមទាំងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនផងដែរ។ សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីត្រូវបានបញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលត្រូវបានចែងនៅក្នុងបទប្បញ្ញត្តិច្បាប់ជាច្រើន និងយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់រយៈពេល ២០២១-២០៣០។ ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីកាលពីជាង ៤០ ឆ្នាំមុន ហើយបន្ទាប់មកគឺសេចក្តីប្រកាសទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩៥។

leftcenterrightdel
វៀតណាមស្វាគមន៍ឆ្នាំថ្មី ២០២៤

យោងតាម លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពឲ្យដឹងថា មិនដូចប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនទេ វៀតណាមបានខិតខំរក្សាកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលឆ្នាំដ៏លំបាកបំផុតនៃជំងឺរាតត្បាត។ ទោះបីជាកំណើនជាមធ្យមបានថយចុះ ហើយក្រុម បុគ្គល ដែលងាយរងគ្រោះមានពេលវេលាលំបាកខ្លាំងក៏ដោយ ក៏វៀតណាមជៀសវាងបានការវិវត្តន៍បញ្ច្រាសនៃការអភិវឌ្ឍន៍មនុស្ស។

លោក Tedros បាននិយាយថា “វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់គុណភាពថែទាំសុខភាពក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ អាយុជាមធ្យមបានកើនឡើង ១៥ ឆ្នាំ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃជំងឺដែលអាចការពារដោយវ៉ាក់សាំង។ វៀតណាមបានពង្រីកវិសាលភាពនៃការធានារ៉ាប់រងសុខភាព ដោយបាននាំប្រទេសឆ្ពោះទៅរកគោលដៅនៃការថែទាំសុខភាពរបស់ប្រជាជនទាំងមូល។ នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានចាត់វិធានការខ្លាំងក្លា ដើម្បីដោះស្រាយជាមួយនឹងជំងឺរាតត្បាត COVID-19 រួមទាំងការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស និងទូលំទូលាយ ជូនក្រុមប្រជាជនដែលងាយរងគ្រោះ”។

វៀតណាមនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតនៃការអភិវឌ្ឍមនុស្សក្នុងតំបន់ដែលងាយរងគ្រោះបំផុត បង្ខំឲ្យប្រជាជនជាច្រើនត្រូវផ្លាស់ទីលំនៅ និងបាត់បង់ការងារធ្វើ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញទាំងឡាយជឿជាក់ថា វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអស្ថិរភាពដែលទាក់ទងនឹងវិបត្តិនៃការបែងចែកស្រទាប់៕

បកប្រែដោយ Duy Hoan