ក្នុងប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមជាមួយនឹងការដាំដំណាំកាហ្វេថ្មីឡើងវិញរបស់អង្គភាពនេះ ក្រុមហ៊ុនក៏ផ្តល់ជំនួយបច្ចេកទេស ជី និងពន្លកកាហ្វេដល់គ្រួសារជនជាតិភាគតិចក្នុងតំបន់គម្រោងនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិ Quang Son នៅឃុំ Quang Son និង Dak R'mang ស្រុក Dak Glong (ខេត្ត Dak Nong) ដើម្បីដាំដំណាំកាហ្វេថ្មីឡើងវិញលើចម្ការកាហ្វេមានអាយុកាលចាស់កម្រិល។ កម្មវិធីជួយគាំទ្រគ្រួសារជនជាតិភាគតិចនៅតំបន់គម្រោងដាំដំណាំកាហ្វេថ្មីឡើងវិញ គឺជាការងារមួយដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់យោធភូមិភាគទី៥ ស្តីពីការចូលរួម "លុបបំបាត់គ្រួសារអត់ឃ្លាន កាត់បន្ថយគ្រួសារក្រីក្រ" អនុវត្តការងារចលនាមហាជន និងរួមគ្នាកសាងជនបទថ្មី។

leftcenterrightdel
កងទ័ពនៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son ណែនាំប្រជាជននៅភូមិ Sa Na ឃុំ Quang Son ថែទាំចំការកាហ្វេដែលបានដាំឡើងវិញ

ការដែលអង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son បានជួយគ្រួសារជនជាតិភាគតិចចំនួន ២០ គ្រួសារ អនុវត្តការកែលម្អចំការកាហ្វេមានអាយុកាលចាស់កម្រិលដោយវិធីសាស្រ្ដកាត់ និងផ្សាំពន្លកបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៖ ពីចំការកាហ្វេមិនបង្កើតផល ឬទិន្នផលទាប ក្រោយរយៈពេលពីរឆ្នាំ ចំការជាច្រើនបានផ្តល់ទិន្នផលគ្រាប់កាហ្វេស្រស់ ១២ តោនក្នុងមួយហិកតា។ តាមការគណនា បរិមាណផលខ្ពស់បំផុតវាអាចទទួលបានគ្រាប់ស្រស់ពី ២០ ទៅ ២៥ តោនក្នុងមួយហិកតា។

លោក Ma Xoan នៅភូមិ Sa Na ឃុំ Quang Son បានចែករំលែកថា៖ “ក្នុងឆ្នាំ ២០១៩ ខ្ញុំត្រូវបានកងទ័ពនៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son ជួយឧបត្ថម្ភសម្ភារៈពលកម្ម និងពន្លកកាហ្វេសម្រាប់ផ្សាំដាំកាហ្វេថ្មីឡើងវិញលើផ្ទៃដីចំនួន ០.៥ ហិកតា។ នៅឆ្នាំ២០២១ ចំការកាហ្វេបានផ្តល់ទិន្នផលគ្រាប់ស្រស់ជាង ៧ តោន។ ខ្ញុំរំពឹងថានៅឆ្នាំ ២០២២ នេះ ទិន្នផលគ្រាប់កាហ្វេស្រស់នឹងសម្រេចបានជាង ៨ តោន”។

នៅតំបន់គម្រោងរបស់អង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son ប្រជាជនកំពុងផលិតកាហ្វេជាង ២ ម៉ឺនហិកតា ដែលក្នុងនោះជាង ១០០ ហិកតាគឺផ្ទៃដីដាំដំណាំកាហ្វេមានអាយុកាលចាស់កម្រិលមិនផ្តល់ទិន្នផល។ អង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son បានណែនាំបច្ចេកទេស និងជួយគាំទ្រគ្រួសារក្នុងតំបន់គម្រោង ដាំថ្មីឡើងវិញលើផ្ទៃដី ៥០ ហិកតា។ ក្នុងឆ្នាំ ២០២២ នេះ យោងតាមផែនការ អង្គភាពសេដ្ឋកិច្ច - ការពារជាតិ Quang Son នឹងជួយគាំទ្រគ្រួសារក្រីក្រចំនួន ៣០ គ្រួសារ ដើម្បីដាំកាហ្វេថ្មីលើផ្ទៃដី ៨.៥ ហិកតា ឡើងវិញ ហើយទន្ទឹមនឹងនោះ ណែនាំពួកគេអំពីបច្ចេកទេសថែទាំដំណាំកាហ្វេ ៨ ហិកតា ដែលបានដាំថ្មីឡើងវិញក្នុងឆ្នាំ ២០២១ រួមចំណែកជាក់ស្តែងក្នុងការបង្កើនប្រាក់ចំណូល និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Huyen Trang