នៅម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ១២ កុម្ភៈ (ម៉ោងនៅវៀតណាម) សភាអឺរ៉ុប (EP) បានបោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ ( EVIPA) រវាងអឺរ៉ុប (EU) និងវៀតណាម។

leftcenterrightdel
សភាអឺរ៉ុប (EP) បោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ ( EVIPA) រវាងអឺរ៉ុប (EU) និងវៀតណាម

 

ការអនុម័តរបស់សភាអឺរ៉ុបលើកិច្ចព្រមព្រៀង EVFTA នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍរយៈពេល៣០ឆ្នាំនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។ ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ការចរចា ការចុះហត្ថលេខា និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរួមចំណែកក្នុងការធ្វើឲ្យទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប មានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងជាក់ស្តែងជាង។

ជាមួយ EVFTA វៀតណាមជាប្រទេសកំពុងអភិវឌ្ឍដំបូងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយ EU។ ប្រការនេះបញ្ជាក់ពីតួនាទីសំខាន់ និងកិត្យានុភាពរបស់វៀតណាមពោលគឺជំហរនយោបាយក្នុងតំបន់ដោយអះអាងថា វៀតណាមដែលផ្តើមជាប្រទេសដើរក្រោយៗក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយជាលើកទីមួយផ្លាស់ទីក្លាយទៅជាប្រទេសឈានមុខគេ។

បច្ចុប្បន្នសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតមួយរបស់ប្រទេសវៀតណាម ដោយមានទំហំពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារនេះក្នុងឆ្នាំ ២០១៩ ឈានដល់ ៤១.៤៨ ពាន់លានដុល្លារ និងការនាំចូលឈានដល់ ១៤.៩១ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ កិច្ចព្រមព្រៀងនេះនឹងជួយវៀតណាមសម្រួលដល់ការជំរុញការនាំចេញ ការធ្វើពិពិធកម្មទីផ្សារ និងទទួលបានតម្លៃបន្ថែមខ្ពស់ជាងតាមរយៈការបង្កើតបណ្តាញផ្គត់ផ្គង់ថ្មី។ ជាពិសេសនៅក្នុងបរិបទនៃស្ថានភាពនយោបាយនិងសន្តិសុខក្នុងតំបន់ និងអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ កិច្ចព្រមព្រៀង EVFTA បានជួយវៀតណាមធ្វើឱ្យប្រសើរឡើងនូវធនធានផ្ទៃក្នុងរបស់ខ្លួនដើម្បីទប់ទល់និងជួយពង្រឹងកិត្យានុភាពរបស់ខ្លួនដើម្បីអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មរួមជាមួយការពង្រឹងនិងពង្រីកវិស័យការពារជាតិនិងសន្តិសុខ។

យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប កិច្ចព្រមព្រៀង EVFTA នឹងត្រូវការយល់ព្រមពីក្រុមប្រឹក្សាអឺរ៉ុបដើម្បីចូលជាធរមាន។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី ១ នៃខែទី ២ បន្ទាប់ពីភាគីទាំងពីរបានជូនដំណឹងគ្នាអំពីការបញ្ចប់នីតិវិធីក្នុងស្រុកឬនៅថ្ងៃក្រោយដែលភាគីទាំងពីរបានឯកភាពគ្នា។ ខាងភាគីវៀតណាម រដ្ឋាភិបាលក៏កំពុងពន្លឿនការអនុវត្តដំណើរការនិងនីតិវិធីក្នុងស្រុក ដូច្នេះកិច្ចព្រមព្រៀងទាំងពីរនេះនឹងត្រូវបានអនុម័តដោយរដ្ឋសភាឆាប់ៗនេះ។ ស្របនឹងការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ន ការរៀបចំសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក៏ត្រូវបានអនុវត្តផងដែរ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំនិងដាក់ស្នើទៅរដ្ឋាភិបាលនូវសេចក្តីព្រាងផែនការសកម្មភាពដើម្បីត្រៀមសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង EVFTA។ ផែនការសកម្មភាពនេះកំណត់ច្បាស់នូវគោលបំណងភារកិច្ចសំខាន់ៗ និងក្រសួងពាក់ព័ន្ធដែលពាក់ព័ន្ធក្នុងការអនុវត្តផែនទីបង្ហាញផ្លូវជាក់លាក់។

ជាពិសេសការងារសំខាន់ៗរួមមាន ៥ ក្រុមធំៗគឺ៖ កិច្ចការឃោសនា និងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចព្រមព្រៀង EVFTA និងទីផ្សារនៃបណ្តាប្រទេសសហភាពអឺរ៉ុប,  ការងារកសាងច្បាប់និងនីតិរដ្ឋ,  ការលើកកំពស់សមត្ថភាពប្រកួតប្រជែងនិងការអភិវឌ្ឍធនធានមនុស្ស, គោលការណ៍ និងគោលនយោបាយសម្រាប់អង្គការសហជីព និងអង្គការរបស់និយោជិតនៅតាមសហគ្រាស, និងគោលនយោបាយសន្តិសុខសង្គម, ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung