ADB៖ វៀតណាមមានឱកាសអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍ
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់ដែលកំពុងអនុវត្តដោយវៀតណាមគឺជាការធ្វើកំណែទម្រង់ធំបំផុតចាប់តាំងពីសម័យកាលផ្លាស់ប្ដូរថ្មី ដោយបើកឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ។
លោក Shantanu Chakraborty បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។ ការជម្រុញការធ្វើកំណែទម្រង់ ក្នុងបំណងលើកកម្ពស់ប្រសិទ្ធភាព និងល្បឿននៃការអនុវត្ត គឺកាលានុវត្តគួរឲ្យកត់សម្គាល់។
    |
 |
|
លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម (រូបថត៖ ADB) |
ទាក់ទងនឹងទិសដៅរយៈពេលវែង ការធ្វើកំណែទម្រង់ក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន ការវិនិយោគលើធនធានមនុស្សតាមរយៈការអប់រំ និងការថែទាំសុខាភិបាល ការធានាសន្តិសុខថាមពលក៏ជាអាទិភាពត្រឹមត្រូវ និងជាបន្ទាន់សម្រាប់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ។ លោក Shantanu Chakraborty សង្កត់ធ្ងន់ថា វៀតណាមនៅតែមានឱកាសជាច្រើននៅឆ្នាំ២០២៦ ជាពិសេសនៅពេលដែលផែនការអភិវឌ្ឍន៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខត្រូវបានអនុវត្តចាប់ពីពេលនេះតទៅ។ ឆ្នាំ២០២៦ មានសារៈសំខាន់ជាពិសេស ដោយសារវៀតណាមឈានចូលក្នុងវដ្តនយោបាយដ៏ស្វាហាប់មួយ ជាមួយនឹងមហាសន្និបាតរបស់បក្ស និងការជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភាថ្មី ហើយនេះក៏នឹងរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាកងកម្លាំងចលករសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល។ លទ្ធផលនៃការធ្វើកំណែទម្រង់ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ២០២៥ គឺគួរឲ្យចាប់អារម្មណ៍។ ខ្ញុំរំពឹងថាសន្ទុះវិជ្ជមាននៃកំណែទម្រង់ និងការអភិវឌ្ឍនេះនឹងបត្រូវបានរក្សានៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ខណៈដែលវៀតណាមឈានចូលទក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
លោក Shantanu Chakraborty បានបញ្ជាក់ថា ADB ជឿជាក់លើសមត្ថភាពរបស់វៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តវិធានការគាំទ្ររយៈពេលខ្លីប្រកបដោយភាពបត់បែន ព្រមទាំងបន្តធ្វើការកំណែទម្រង់រយៈពេលវែង និងវិនិយោគលើធនធានមនុស្ស រួមជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍៕
បកប្រែដោយ Thuy Anh