ឆ្ពោះទៅមុខដោយក្តីទំនុកចិត្តយ៉ាងមោះមុត
កប.អនឡាញ - នាថ្ងៃទី ២០ ខែមករា មហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់សម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបើកជំពូកថ្មីមួយក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
មហាសន្និបាតលើកនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ប្រទេសកំពុងមានឱកាសដ៏អស្ចារ្យ តែក៏មានទាំងការជួបប្រទះនូវបញ្ហាប្រឈមផងដែរ។ ហេតុដូច្នេះហើយធ្វើឲ្យតម្រូវការខ្ពស់ជាងមុនចំពោះបក្សកាន់អំណាច៖ បក្សត្រូវតែមានឆន្ទៈរឹងមាំ ការគិតមុតស្រួច អនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីបន្តដឹកនាំប្រទេសទៅមុខដោយនិរន្តរភាព។
    |
 |
|
ផ្លូវជាច្រើននៅក្នុងទីក្រុង Hue ត្រូវបានតុបតែងលម្អក្នុងឱកាសមហាសន្និបាត លើកទី ១៤ របស់បក្ស (រូបថត៖ VGP) |
ក្រឡេកមើលទៅព្រឹត្តិការណ៍ដែលបានឆ្លងកាត់កន្លងមកជាពិសេសអាណត្តិនៃមហាសន្និបាត លើកទី ១៣ របស់បក្ស យើងកាន់តែមានទំនុកចិត្តលើផ្លូវដែលបានជ្រើសរើស។ ដោយយកឈ្នះលើការលំបាក និងបញ្ហាប្រឈមជាច្រើន ប្រទេសយើងនៅតែរក្សាបានស្ថិរភាពនយោបាយ-សង្គម ធានាការពារជាតិ សន្តិសុខ សេដ្ឋកិច្ចបានងើបឡើងវិញ និងអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងជាលំដាប់ ទំនាក់ទំនងការបរទេសត្រូវបានពង្រីក ហើយកិត្យានុភាពអន្តរជាតិរបស់ប្រទេសត្រូវបានលើកកំពស់កាន់តែខ្លាំងឡើង។ សមិទ្ធផលទាំងនេះបន្តបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់បក្ស និងកម្លាំងនៃមហាសាមគ្គីជាតិ។
អាស្រ័យមូលដ្ឋានពោលខាងលើ ប្រទេសឈានចូលដល់ដំណាក់កាលអភិវឌ្ឍថ្មីជាមួយនឹងតម្រូវការខ្ពស់ជាងមុន និងភារកិច្ចធ្ងន់ធ្ងរជាងមុន។ នៅក្នុងបរិបទដែលឱកាសនិងបញ្ហាប្រឈមត្រូវបានភ្ជាប់ប្រទាក់ក្រឡាគ្នានោះ ប្រទេសប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះហើយទាមទារឲ្យមានចក្ខុវិស័យយុទ្ធសាស្ត្រត្រឹមត្រូវ ការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការអនុវត្តដោយឯកភាព រឹងមាំ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មហាសន្និបាតលើកទី ១៤ របស់បក្ស មានភារកិច្ចជាប្រវត្តិសាស្ត្រ រួមមាន៖ ការពិភាក្សានិងអនុម័តឯកសារសំខាន់ៗ កំណត់ចក្ខុវិស័យអភិវឌ្ឍន៍ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៤។ ការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មហាសន្និបាតគឺបទបញ្ជាពីស្ងានភាពជាក់ស្តែង ជាតម្រូវការនៃប្រវត្តិសាស្ត្រ និងជាសេចក្តីប្រាថ្នារបស់ប្រជាជន ដោយបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ ជំរុញវៀតណាមឆ្ពោះទៅមុខដោយនិរន្តរភាព។
ឆ្ពោះទៅមហាសន្និបាត ជំនឿនិងការរំពឹងទុករបស់ប្រជាជាតិទាំងមូលកំពុងប្រមូលផ្តុំគ្នា។ ប្រជាជនជឿថាមហាសន្និបាតនឹងដាក់ចេញគោលនយោបាយ និងដំណោះស្រាយត្រឹមត្រូវ និងប្រកបដោយវិទ្យាសាស្ត្រ ជ្រើសរើសថ្នាក់ដឹកនាំដែលមានគុណធម៌ ទេពកោសល្យ ការលះបង់ និងចក្ខុវិស័យគ្រប់គ្រាន់ ហើយបន្តបំផុសគំនិតស្នេហាជាតិ ឆន្ទៈពឹងផ្អែកលើខ្លួនឯង ដោយបង្កើតកម្លាំងរួមដើម្បីជំរុញប្រទេសជាតិឆ្ពោះទៅមុខ។
កងទ័ពប្រជាជនវៀតណាមគឺជាកងទ័ពរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន។ ឆ្ពោះទៅកាន់មហាសន្និបាត កងទ័ពទាំងមូលនឹងរក្សាប្រពៃណីវីរភាពរបស់ខ្លួន ជម្រុញការប្រឡងប្រណាំងដើម្បីកែលម្អគុណភាព និងកម្លាំងប្រយុទ្ធ កសាងកងទ័ពបដិវត្តន៍ មានរបៀបរៀបរយ ស្ទាត់ជំនាញ និងទំនើប។
ដោយមានឆន្ទៈ សមត្ថភាពត្រូវបានហាត់ពត់លត់ដំ រួមជាមួយនឹងប្រាជ្ញារបស់បក្សទាំងមូល និងជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាជន មហាសន្និបាត លើកទី ១៤ របស់បក្ស នឹងបើកផ្លូវដ៏ធំធេងសម្រាប់ប្រទេសជាតិ ជាផ្លូវនៃទំនុកចិត្តលើខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ឯកភាព សេចក្តីប្រាថ្នាដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿង និងសុភមង្គលរបស់ប្រជាជាតិវៀតណាម៕
បកប្រែដោយ Duy Hoan