ក្នុងជំនួប លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វត្តមានរបស់ឯកអគ្គរដ្ឋទូតទាំងនេះ គឺជាសក្ខីភាពយ៉ាងរស់រវើកនៃចំណងមិត្តភាព សាមគ្គីភាពអន្តរជាតិ និងការជួយគាំទ្រដ៏មានតម្លៃសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកស្រី Le Thi Thu Hang បានសម្តែងនូវក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតទាំងឡាយនឹងបន្តជាស្ពាន ដោយជម្រុញការអនុវត្តវិស័យសហប្រតិបត្តិការសំខាន់ៗ ដូចជាការពង្រឹងទំនុកចិត្តខាងនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិកម្ម វាយនភណ្ឌ ទំនិញប្រើប្រាស់ និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងការបង្កើនជំនួបរវាងប្រជាជន និងប្រជាជន រួមចំណែកដល់ការពង្រឹងមិត្តភាពរវាងវៀតណាម និងប្រទេសដទៃទៀត។

leftcenterrightdel
លោកស្រី Le Thi Thu Hang  ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពមិនប្រចាំ (រូបថត៖ baoquocte.vn)

នៅថ្ងៃដដែលនោះ លោកស្រី Le Thi Thu Hang បានជួបជាមួយក្រុមអ្នកសារព័ត៌មានមកពីកាសែតបក្សកុម្មុយនិស្ត និងគណបក្ស ដែលមានតួនាទីសំខាន់ៗនៅក្នុងប្រទេសផ្សេងៗ ប្រព័ន្ធផ្សព្វផ្សាយរបស់សហគមន៍ជនវៀតណាមនៅឯបរទេស និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ដែលបានមកប្រទេសវៀតណាមដើម្បីផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

លោកស្រី បានឲ្យដឹងថា លោកស្រីបានបញ្ជាឲ្យអង្គភាពនានានៅក្នុងក្រសួងការបរទេស ឲ្យបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកយកសារព័ត៌មានអន្តរជាតិ ក្នុងការផ្ដល់ព័ត៌មាន តាមរយៈនោះ បញ្ជូនសារ និងលទ្ធផលនៃមហាសន្និបាតលើកទី១៤ ដល់សហគមន៍អន្តរជាតិ។

ដោយថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍របស់វៀតណាម អ្នកសារព័ត៌មានបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្ដល់ព័ត៌មានអំពីខ្លឹមសារ និងការសម្រេចចិត្តរបស់មហាសន្និបាត តាមរយៈនោះ មិនត្រឹមតែជូនដំណឹងអំពីការអភិវឌ្ឍរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយសារនៃសន្តិភាព មិត្តភាព និងវឌ្ឍនភាពសង្គមដល់អ្នកអានទូទាំងពិភពលោកផងដែរ៕

បកប្រែដោយ Thuy Anh