ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៩ ខែមករា បានពិពណ៌នាអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតនៅក្នុងប្រទេស ដែលមានអត្ថន័យដ៏សំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍របស់ប្រទេសសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយសម្រេចចិត្តលើក្បាលម៉ាស៊ីនដឹកនាំកម្រិតខ្ពស់ និងកំណត់អាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

leftcenterrightdel
ប្រតិភូចូលរួមសម័យប្រជុំត្រៀមសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែមករា

AP បានឲ្យដឹងថា ប្រតិភូជាង ១៥០០ នាក់មកពីទូទាំងប្រទេសបានប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ ដើម្បីចូលរួមមហាសន្និបាតនេះ។ ក្រៅពីការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំកម្រិតខ្ពស់ មហាសន្និបាតនេះក៏នឹងកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលសកលលោកប្រកបដោយភាពបត់បែន និងសម្រេចគោលដៅដ៏មហិច្ឆតានៃការធ្វើឱ្យប្រទេសវៀតណាមក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក៏បានចុះផ្សាយអត្ថបទជាច្រើនដែលវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំ និងឯកសារដែលត្រូវយកមកពិភាក្សា និងអនុម័តនៅក្នុងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងអត្ថបទនាពេលថ្មីៗនេះ ស៊ីនហួរបានដកស្រង់សម្តីលោក Ta Ngoc Tan អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ដែលចែករំលែកថា ព្រាងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបង្ហាញពីការអភិវឌ្ឍថ្មីក្នុងការត្រិះរិះអំពីបរិស្ថាន។ ជាលើកដំបូង ការការពារបរិស្ថានជាភារកិច្ចស្នូល ដែលត្រូវបានដាក់ឱ្យស្មើនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក៏បានដកស្រង់សម្តីលោក Ta Ngoc Tan ដែលបានឲ្យដឹងថា "គោលដៅរួមរបស់វៀតណាមគឺក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដោយរីកចម្រើនលើមាគ៌ាសង្គមនិយម"។

ទន្ទឹមនឹងនោះ កាសែត Financial Times បានវាយតម្លៃថា វៀតណាមជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក ហើយបានកត់សម្គាល់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើឡើងនៅក្នុងបរិបទដែលសេដ្ឋកិច្ចវៀតណាមកំពុងបន្ស៊ាំខ្លួនទៅនឹងភាពតានតឹងពាណិជ្ជកម្មសកល និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងបរិយាកាសសេដ្ឋកិច្ចអន្តរជាតិ។

កាសែត Financial Times បានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្លាស់ប្តូរគំរូអភិវឌ្ឍន៍របស់ខ្លួនពីគំរូមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងការវិនិយោគពីបរទេស ទៅជាគំរូដែលពង្រឹងភាពធន់ផ្ទៃក្នុងនៃសេដ្ឋកិច្ច។ យោងតាមកាសែតនេះ កំណែទម្រង់ចំពោះក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ ការលើកកំពស់តួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជន និងគោលដៅនៃកំណើនពីរខ្ទង់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការសម្រេចបំណងប្រាថ្នាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។

អំពីសារៈសំខាន់នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ទីភ្នាក់ងារសារព័ត៌មាន BBC បានចាត់ទុកថា មហាសន្និបាតនឹងកំណត់ទិសដៅគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់វៀតណាមសម្រាប់ដំណាក់កាលខាងមុខ។

ស្តីពីសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម ទីភ្នាក់សារព័ត៌មាន BBC បានកត់សម្គាល់ថា វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏សំខាន់មួយ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្នដាក់ពន្ធបដិការ ២០% លើទំនិញវៀតណាម ដែលធ្លាក់ចុះពី ៤៦% ដែលបានប្រកាសដំបូង។ យ៉ាងណាក៏ដោយ តួលេខផ្លូវការបង្ហាញថា ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុននៅតែកើនឡើងជាង ២៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាម BBC ប្រព័ន្ធនយោបាយ និងគោលនយោបាយដែលមានស្ថិរភាពធ្វើឱ្យបរិយាកាសវិនិយោគបរទេសនៅវៀតណាមមានភាពទាក់ទាញ ជាពិសេសនៅពេលដែលក្រុមហ៊ុនធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ៕

បកប្រែដោយ Huyen Trang