នាពេលថ្មីៗនេះ កាសែត The Global Times របស់ប្រទេសចិន បានចុះផ្សាយអត្ថបទមួយដែលវិភាគអំពីលទ្ធផលវិជ្ជមាន​នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២៥។

អត្ថបទដែលប្រមូលផ្តុំព័ត៌មាន និងទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ សហរដ្ឋអាមេរិក និងជប៉ុន បង្ហាញថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រេចបានលទ្ធផលវិជ្ជមាន ដូចជាអត្រាកំណើន ៨.៤៦% នៅក្នុងត្រីមាសទីបួន និង ៨.០២% សម្រាប់ឆ្នាំ២០២៥។

leftcenterrightdel
រូបថតអេក្រង់នៃអត្ថបទអំពីប្រទេសវៀតណាមដែលចុះផ្សាយនៅលើកាសែត Global Times (រូបថត៖ baoquocte.vn)

អត្ថបទនេះបានឲ្យដឹងថា ប្រទេសវៀតណាមមានគោលបំណងសម្រេចបានអត្រាកំណើនលើសពី ១០% ចាប់ពីឆ្នាំ២០២៦ តទៅ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំង។ ប្រសិនបើសម្រេចបាននូវគោលដៅនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមអាចសម្រេចបាន ៥០០ ពាន់លានដុល្លារអាមេរិក ដែលវ៉ាដាច់ប្រទេសថៃនៅឆ្នាំ ២០២៦ ឬ ២០២៧ ហើយ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗ នឹងលើសពី ៥០០០ ដុល្លារអាមេរិក ដែលខិតជិតដល់កម្រិតនៃប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍។

ដោយពន្យល់ពីកត្តាដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម កាសែត Global Times បានដកស្រង់សម្តីអ្នកជំនាញម្នាក់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវតំបន់ និងប្រទេសជាតិនៅសាកលវិទ្យាល័យគុកោសល្យជនជាតិ Guangxi ដោយចាត់ទុកថា វៀតណាមមានស្ថិរភាពនយោបាយ កំណែទម្រង់រដ្ឋបាលដែលត្រូវបានអនុវត្តនៅឆ្នាំ ២០២៥ បានធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយពន្លឿនដំណើរផ្លាស់ប្ដូររបៀបកំណើន។ ប្រជាជនជាង ១០០ លាននាក់ដែលភាគច្រើនជាវ័យក្មេងនៅតែបន្តទាញយកអត្ថប្រយោជន៍ប្រជាសាស្ត្រ ហើយការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យបានពង្រឹងតួនាទីដ៏សំខាន់ក្នុង "ការរៀបចំនិម្មាបនកម្មឡើងវិញ" នៃខ្សែសង្វាក់ឧស្សាហកម្មអាស៊ី។

អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់ដែរថា វៀតណាមដើរតួនាទីពិសេសនៅក្នុងខ្សែសង្វាក់ផលិតកម្មសកល។ វៀតណាមគឺជាជម្រើសដ៏សំខាន់មួយសម្រាប់ផ្នែកផលិតកម្មរបស់ប្រទេសចិនបន្តអភិវឌ្ឍ។

ទាក់ទងនឹងភូមិសាស្ត្រ ប្រទេសវៀតណាមបានតភ្ជាប់ជាមួយប្រទេសចិនតាមផ្លូវគោក និងផ្លូវសមុទ្រ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រលូន និងផ្លូវដឹកជញ្ជូនខ្លីៗ។

ប្រទេសវៀតណាមពឹងផ្អែកលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្របព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ពីរដែលអនុញ្ញាតឲ្យផលិតផលរបស់ខ្លួនជ្រៀតចូលទៅក្នុងទីផ្សារអន្តរជាតិជាច្រើន។ អំពីទស្សនៈឧស្សាហកម្ម ប្រទេសវៀតណាមបានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញចាប់ពីវាយនភណ្ឌ និងអេឡិចត្រូនិចដល់ថាមពលថ្មី។

អត្ថបទនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគបរទេស ដោយរដ្ឋសភាវៀតណាមបានពិចារណា និងអនុម័តច្បាប់ស្ដីពីការវិនិយោគដែលបានធ្វើវិសោធនកម្មកាលពីខែធ្នូឆ្នាំមុន ដោយលើកកម្ពស់ការសម្រួលដល់នីតិវិធីរដ្ឋបាល សេរីភាពអាជីវកម្ម និងកាត់បន្ថយឧបសគ្គចំពោះការចូលទីផ្សារ បង្កើតបរិយាកាសអាជីវកម្មដែលមានតម្លាភាព និងមានប្រសិទ្ធភាពជាងមុនសម្រាប់ធុរកិច្ចបរទេសដែលមានបំណងចូលទីផ្សារវៀតណាម៕

បកប្រែដោយ Thuy Anh