នៅប៉ុន្មានថ្ងៃចុងឆ្នាំ ២០២៥ យើងមានវត្ថមាននៅឃុំ Tan Hoi ជាមូលដ្ឋានជាប់ព្រំដែនរបស់ខេត្ត Tay Ninh (វៀតណាម) ដែលបានបង្កើតឡើងបន្ទាប់ពីរួមបញ្ចូលឃុំ Tan Hiep និងឃុំ Tan Hoi។
បន្ទាប់ពីរួមបញ្ចូល ឃុំ Tan Hoi មិនត្រឹមតែពង្រីកព្រំប្រទល់រដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺមានសក្ដានុពលជាច្រើនជាងដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវការអភិវឌ្ឍ។ ដោយប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្ដរបស់មហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Tay Ninh លើកទី ១ និងមហាសន្និបាតគណៈកម្មាធិការបក្សឃុំ Tan Hoi លើកទី ១ នោះ ឃុំ Tan Hoi កំណត់នូវរបកគំហើញជាយុទ្ធសាស្ត្រពីរគឺអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ដែលផ្សារភ្ជាប់ទៅនឹងការនាំចេញ និងអភិវឌ្ឍចង្កោមឧស្សាហកម្មដែលផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា។
យោងតាមថ្នាក់ដឹកនាំឃុំ មូលដ្ឋានបានមានចង្កោមឧស្សាហកម្ម Tan Hoi ១ និង Tan Hoi ២ ហើយដាក់ទិសដៅសម្រាប់បង្កើតបន្ថែមនូវចង្កោមឧស្សាហកម្មថ្មីៗ។ ចង្កោមឧស្សាហកម្មទាំងនេះត្រូវបានរៀបចំព្រមៗគ្នាជាមួយនឹងលំនៅដ្ឋានសង្គម សេវាកម្មនិងពាណិជ្ជកម្ម អភិវឌ្ឍប្រកបដោយសុខដុមរមនារវាងផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងវិស័យកសិកម្ម ឃុំ Tan Hoi បានត្រៀមរៀបចំដីជិត ៥០០ ហិកតា សម្រាប់ផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់។ គម្រោងជាច្រើនត្រូវបានអនុវត្ត ដែលបង្កើតការតភ្ជាប់រវាងអង្គភាពអាជីវកម្ម សហករណ៍ និងកសិករ ដោយផ្លាស់ប្តូរពីផលិតកម្មប្រពៃណីទៅជាផលិតកសិកម្មទំនើប។
កត្តាដ៏សំខាន់សម្រាប់សម្រេចបាននូវទិសដៅទាំងនេះ គឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរតំបន់ ជាពិសេសផ្លូវល្បឿនលឿន និងផ្លូវខេត្តដែលតភ្ជាប់ជាមួយច្រកទ្វារព្រំដែន ពង្រីកការអភិវឌ្ឍសម្រាប់តំបន់ព្រំដែនភាគខាងជើងនៃខេត្ដ Tay Ninh។
នាពេលខាងមុខ ប្រព័ន្ធច្រកទ្វារព្រំដែន រួមមាន ម៉ុកបៃ (Moc Bai), សាម៉ាត់ (Xa Mat), តិនណាម (Tan Nam)… កំពុងក្លាយជាកន្លែងផ្លាស់ប្តូរទំនិញ សេវាកម្ម និងដើមទុនវិនិយោគ និង logistics និងផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែន និងសេវាកម្មពាក់ព័ន្ធ។
    |
 |
|
ខេត្ដ Tay Ninh មានអត្ថប្រយោជន៍ពី logistics ជាមួយនឹងប្រព័ន្ធច្រកទ្វារព្រំដែន កំពង់ផែអន្តរជាតិ មណ្ឌលឧស្សាហកម្ម |
លោក Le Anh Tam លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Tan Hoi (ខេត្ដ Tay Ninh) ឲ្យដឹងថា “មូលដ្ឋានកំពុងផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាមួយផ្លូវខេត្ត និងផ្លូវល្បឿនលឿន។ នៅពេលដែលផ្លូវទាំងនេះត្រូវបានបង្កើតឡើងនឹងនាំមកនូវការអភិវឌ្ឍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិផល និងឧស្សាហកម្ម នឹងចូលកាន់កំពង់ផែ និងទីផ្សារធំៗដូចជាទីក្រុងហូជីមិញបានលឿនជាង”។
បង្កើតកម្លាំងចលករសម្រាប់ច្រកទ្វារព្រំដែនភាគខាងជើងរបស់ខេត្ដ Tay Ninh
នៅប៉ុន្មានខែចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ ការនាំចេញនិងនាំចូលតាមច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាត់មានការកើនឡើងយ៉ាងច្បាស់លាស់ ដែលក្នុងនោះ ភាគច្រើនគឺកសិផលនាំចូលពីប្រទេសកម្ពុជា។ លទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកត្តាប្រមូលផលតាមរដូវកាល ព្រមទាំងបង្ហាញពីនិន្នាការនៃការផ្លាស់ប្តូរលំហូរពាណិជ្ជកម្មក្នុងតំបន់ ដែលបង្កើតសក្ដានុពលសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនរបស់ខេត្ត Tay Ninh។
យោងតាមលោក Nguyen Nam Hong Son ប្រធានក្រុមគយច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាត់ ឲ្យដឹងថា ទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនសាម៉ាត់ និងតិនណាម បានកើនឡើងយ៉ាងខ្លាំងនៅពេលដែលប្រទេសកម្ពុជាចូលដល់រដូវប្រមូលផលកសិកម្ម។ មុខទំនិញនាំចូលសំខាន់ៗរួមមាន ដំឡូងមីស្រស់ ដំឡូងមីស្ងួត ជ័រកៅស៊ូកែច្នៃ ពោត សណ្តែកសៀង សណ្តែកបាយជាដើម។ ជាពិសេស ការនាំចេញ និងនាំចូលតាមច្រកទ្វារព្រំដែនសាម៉ាត់ បានកើនឡើងពីប្រហែល ៦០ លានដុល្លារអាមេរិកក្នុងខែវិច្ឆិកា ហើយជិត ៦៥ លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ២០២៥។
ក្រៅពីនេះ ការប្រែប្រួលនៃស្ថានភាពក្នុងតំបន់ក៏បានបណ្តាលឱ្យផលិតផលកសិផលរបស់កម្ពុជាបង្វែរទៅកាន់ទីផ្សារវៀតណាមដែលរួមចំណែកដល់ការកើនឡើងនៃចំនួនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន។ ទន្ទឹមនឹងការកែទម្រង់បែបបទ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅបានកំណត់ថាជាកត្តាសំខាន់ ដែលប៉ះពាល់ដោយផ្ទាល់ដល់លំហូរទំនិញ និងប្រសិទ្ធភាពនៃការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនក្នុងរយៈពេលខាងមុខ។
លោក Son បន្ថែមថា “នៅពេលដែលផ្លូវល្បឿនលឿនហូជីមិញទៅកាន់ម៉ុកបៃ និងដំណាក់កាលបន្ទាប់ពីម៉ុកបៃ – ហ្គោយូវ (Go Dau) – សាម៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ ការដឹកជញ្ជូននឹងកាន់តែងាយស្រួលយ៉ាងច្រើន អាស្រ័យហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញនិងនាំចូលតាមច្រកទ្វារព្រំដែនកាន់តែកើនឡើង”។
ការដែលច្រកទ្វារអន្តរជាតិម៉ឺនជ័យ(ព្រៃវែង) - តិនណាម (Tay Ninh) រវាងវៀតណាមនិងកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដោយបំពេញបន្ថែមតំណភ្ជាប់យុទ្ធសាស្ត្រមួយទៀតទៅនឹងប្រព័ន្ធច្រកទ្វារព្រំដែននៅភាគខាងជើងនៃខេត្ត Tay Ninh។ នៅពេលដែលគម្រោងផ្លូវល្បឿនលឿនត្រូវបានអនុវត្តព្រមៗគ្នា ប្រព័ន្ធច្រកទ្វារព្រំដែនភាគខាងជើងនឹងបង្កើតកម្លាំងចលករសម្រាប់ការដឹកជញ្ជូន logistics ការផ្លាស់ប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែន និងឧស្សាហកម្មកែច្នៃអភិវឌ្ឍកាន់តែខ្លាំងក្លា។
លោក Nguyen Ngoc Son នាយកផ្នែកអាជីវកម្មនៃក្រុមហ៊ុន Tan Nhien ខេត្ត Tay Ninh ឲ្យដឹងថា នៅពេលដែលផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រត្រូវបានបង្កើតឡើងនោះ ពេលវេលាដឹកជញ្ជូនតិចជាង និងកាត់បន្ថយថ្លៃដឹកជញ្ជូន ព្រមទាំងទាក់ទាញធនធានមនុស្សដែលមានគុណភាពខ្ពស់ពីមូលដ្ឋានជិតខាង។
លោក Nguyen Ngoc Son បានបញ្ជាក់ថា “នៅពេលដែលការដឹកជញ្ជូនអន្តរតំបន់ត្រូវបានតភ្ជាប់យ៉ាងរលូន ពេលវេលានៃការធ្វើដំណើរ និងដឹកជញ្ជូនរវាងខេត្តនានានឹងតិចជាង នឹងបើកឱកាសអភិវឌ្ឍសម្រាប់អង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនងាយស្រួលក៏ជួយទាក់ទាញកម្លាំងពលកម្មកាន់តែច្រើន ជាពិសេសពលករដែលមានសមត្ថភាពនិងជំនាញ ដោយហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រោងចក្រ និងអង្គភាពអាជីវកម្មអភិវឌ្ឍន៍លឿន និងប្រកបដោយនិរន្តរភាពជាងមុន”៕
បកប្រែដោយ Pham Diep