ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់វៀតណាមលើសពី ៩០០ ពាន់លានដុល្លារអាមេរិក ជាលើកដំបូង
កប.អនឡាញ - ទំហំពាណិជ្ជកម្មទ្វេភាគីនៃការនាំចូលនិងនាំចេញបានលើសពី ៩០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ដែលនាំវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានទំហំពាណិជ្ជកម្មធំជាងគេនៅលើពិភពលោក។
ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នាថ្ងៃទី ១៩ ខែធ្នូ នៅក្នុងសន្និសីទបូកសរុបការងាររបស់ក្រសួង ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។
យោងតាមលោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមសម្រេចបាន ៨៨៣.៧ ពាន់លានដុល្លារអាមេរិក។ តួរលេខនេះត្រូវរំពឹងថានឹងឈានដល់ ៩២០ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ។ ជាមួយនឹងកំណត់ត្រាថ្មីនេះ វៀតណាមនឹងចូលរួមក្នុងក្រុមមហាអំណាចពាណិជ្ជកម្មពិភពលោកទាំង ១៥ ដែលបង្កើតជាចំណុចចាប់ផ្តើមថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។
ក្នុងចំណោមនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ វៀតណាមបន្តរក្សាអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៦ ដែលរួមចំណែកដល់ប្រភពរូបិយប័ណ្ណបរទេសដែលមានស្ថិរភាព កាត់បន្ថយសម្ពាធលើអត្រាប្តូរប្រាក់ និងពង្រឹងទុនបម្រុងប្តូរប្រាក់បរទេសជាតិ៕
បកប្រែដោយ Thanh Cong