ពិធីប្រគល់រង្វាន់សម្រាប់ការប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី
កប.អនឡាញ - នៅរសៀលថ្ងៃទី១៧ ខែធ្នូ វិទ្យុសំឡេងវៀតណាម សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់សម្រាប់ការប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី។ ការប្រឡងនេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយ ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥ - ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) និងខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសទាំងពីរ។
ក្នុងពិធីប្រគល់រង្វាន់ លោក Ngo Minh Hien អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះជម្រុញចំណងមិត្តភាព និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ចំពោះតម្លៃវិជ្ជមានដែលប្រទេសទាំងពីរកំពុងចែករំលែក។
    |
 |
|
លោកស្រី Jane Madahlena Nelly Runkat ភារធារីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម (រូបថត៖ vov.vn) |
លោកស្រី Jane Madahlena Nelly Runkat ភារធារីស្ថានទូតឥណ្ឌូនេស៊ីប្រចាំប្រទេសវៀតណាម បានអះអាងថា ការប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ដែលរៀបចំដោយវិទ្យុសំឡេងវៀតណាម មានសារៈសំខាន់យ៉ាងខ្លាំង ដោយបង្កើតឱកាសជួយយុវជនជំនាន់ក្រោយស្វែងយល់កាន់តែច្បាស់អំពីស្មារតីមិត្តភាព និងការយោគយល់គ្នារវាងប្រទេសទាំងពីរ ក៏ដូចជាវប្បធម៌របស់ប្រទេសនីមួយៗ។ នៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត និងឌីជីថលូបនីយកម្មនៅសព្វថ្ងៃនេះ យុវជនជំនាន់ក្រោយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរថ្មី និងកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ។ នាពេលខាងមុខ យើងសង្ឃឹមថា និស្សិត សហគ្រិន និងមេដឹកនាំវ័យក្មេងកាន់តែច្រើនឡើងៗរបស់ប្រទេសវៀតណាម នឹងមកទស្សនា និងសិក្សានៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការប្រឡងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើគេហទំព័រ https://vov.vn និងទាក់ទាញអ្នកចូលរួមរាប់រយនាក់។ គណៈកម្មការរៀបចំបានជ្រើសរើសបេក្ខជនឆ្នើមចំនួន ១០ រូប ដើម្បីផ្តល់រង្វាន់ រួមមាន៖ ជ័យលាភីលេខ១ ចំនួន ២ ជ័យលាភីលេខ២ ចំនួន ២ ជ័យលាភីលេខ៣ ចំនួន ២ និងរង្វាន់លើកទឹកចិត្តចំនួន ៤៕
បកប្រែដោយ Thanh Cong