ជប៉ុនគាំទ្រវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ
កប.អនឡាញ - រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយចំនួន ១.៥ លានដុល្លារអាមេរិកដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងជំនួយបន្ទាន់ និងជួយវៀតណាមយកឈ្នះលើផលវិបាកធ្ងន់ធ្ងរដោយព្យុះ និងទឹកជំនន់ជាបន្តបន្ទាប់នៅឆ្នាំ ២០២៥។
នៅថ្ងៃទី១៥ ខែធ្នូ យោងតាមព័ត៌មានពីស្ថានទូតជប៉ុនប្រចាំប្រទេសវៀតណាម អង្គការអន្តរជាតិសម្រាប់ជនអន្តោប្រវេសន៍ (IOM) និងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយ ចំនួន ១.៥ លានដុល្លារអាមេរិកតាមរយៈអង្គការ IOM និងអង្គការ UNICEF ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងជំនួយបន្ទាន់ និងជួយវៀតណាមយកឈ្នះលើផលវិបាកធ្ងន់ធ្ងរនៃព្យុះ និងទឹកជំនន់ជាបន្តបន្ទាប់នៅឆ្នាំ ២០២៥។
ជាពិសេស ជំនួយចំនួន ១ លានដុល្លារអាមេរិកត្រូវបានបែងចែកទៅអង្គការ IOM វៀតណាម ដើម្បីផ្តល់សម្ភារៈមិនមែនស្បៀងអាហារដល់មនុស្សជាង ៣២.០០០ នាក់នៅក្នុងខេត្តដាក់ឡាក់ យ៉ាឡាយ ខាញ់ហ័រ និងឡាំដុង និងដើម្បីបង្កើនសមត្ថភាពរុករក និងជួយសង្គ្រោះរបស់ក្រុមជួយសង្គ្រោះក្នុងស្រុកចំនួន ២០ ក្រុម ដោយមានគោលដៅជួយមនុស្សប្រហែល ៤.០០០ នាក់។ ថវិកាចំនួន ៥០០០០០ ដុល្លារអាមេរិកដែលនៅសល់នឹងត្រូវដាក់ពង្រាយតាមរយៈអង្គការ UNICEF នៅប្រទេសវៀតណាម ដើម្បីអនុវត្តសេវាកម្មសំខាន់ៗទាក់ទងនឹងទឹកស្អាត អនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន ការជួសជុលសម្ភារៈអនាម័យ ការកែលម្អប្រព័ន្ធភ្លើងបំភ្លឺនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលរងផលប៉ះពាល់ចំនួន ២០០០០ នាក់ រួមទាំងកុមារចំនួន ១៤០០០ នាក់៕
បកប្រែដោយ Duy Hoan