វៀតណាមជំរុញ និងបង្កើតរបកគំហើញសម្រាប់កម្លាំងចលករកំណើនថ្មី
កប.អនឡាញ - វេទិកាសេដ្ឋកិច្ចវៀតណាម ឆ្នាំ២០២៥ ទស្សនវិស័យឆ្នាំ ២០២៦ (VEPF) ក្រោមប្រធានបទ "សេដ្ឋកិច្ចវៀតណាម៖ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មបៃតងក្នុងយុគសម័យឌីជីថល" បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ។
មានប្រសាសន៍នៅក្នុងវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា សេដ្ឋកិច្ចវៀតណាមបង្ហាញពីភាពធន់ និងសម្រេចបានអត្រាកំណើនខ្ពស់បំផុតមួយនៅក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងវេទិកា |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពលើមូលដ្ឋាននៃ "ការធ្វើបរិវត្តកម្មទ្វេ៖ បៃតង និងឌីជីថលូបនីយកម្ម" ដើម្បីកំណើនពីរខ្ទង់; ផ្តោតលើការបង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ វៀតណាមពន្លឿនការអនុវត្តរបកគំហើញជាយុទ្ធសាស្ត្រក្នុងការកែទម្រង់ស្ថាប័ន និងបង្កើតកម្លាំងចលករនៃកំណើនថ្មីដោយការធ្វើឱ្យមានសុក្រិតនូវយន្តការសាកល្បង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទំនើប ទាញយកអត្ថប្រយោជន៍ពីលំហអភិវឌ្ឍន៍ថ្មីៗ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អន្តរតំបន់ លើកកម្ពស់តួនាទីនៃគំរូសេដ្ឋកិច្ចថ្មី តំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងការទាក់ទាញដើមទុនវិនិយោគ និងបច្ចេកវិទ្យា... ដោយអះអាងថាវៀតណាមផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕
បកប្រែដោយ Thanh Cong