យោងតាមកាសែត Les Echos ហេតុផលជាច្រើនដែលអាស៊ីអាគ្នេយ៍កំពុងក្លាយជាទីផ្សារសម្រាប់ក្រុមហ៊ុនបារាំង ដោយមានប្រជាពលរដ្ឋជិត ៧០០ លាននាក់ អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមជាង ៤% និងវណ្ណៈកណ្តាលដែលកំពុងកើនឡើងជាបន្ដបន្ទាប់ អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជា "ច្រកទ្វារយុទ្ធសាស្ត្រ" ចូលក្នុងអាស៊ី។ តួលេខពីក្រសួងហិរញ្ញវត្ថុបារាំងបង្ហាញថា នៅឆ្នាំ ២០២៤ ការនាំចេញរបស់បារាំងទៅកាន់អាស៊ានបានឈានដល់ ១៤,៣ ពាន់លានអឺរ៉ូ (ស្មើនឹង១៦,៧ ពាន់លានដុល្លារអាមេរិក) ដែលធ្វើឱ្យតំបន់នេះក្លាយជាអតិថិជនធំទីប្រាំមួយរបស់ទីក្រុងប៉ារីស បន្ទាប់ពីសហភាពអឺរ៉ុប (EU) អាមេរិក ចិន ចក្រភពអង់គ្លេស និងស្វីស។ ក្នុងនោះ សិង្ហបុរី បន្ដជាទីផ្សារធំបំផុតនាំចូលទំនិញបារាំង ដែលមានតម្លៃសរុប ៥៣% នៃការនាំចេញរបស់បារាំងទៅកាន់អាស៊ាន បន្ទាប់មកគឺប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។

leftcenterrightdel
កម្មករនៅរោងចក្រកាត់ដេរមួយនៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ Antara)

លោក Yann Frollo de Kerlivio នាយកតំបន់អាស៊ាន-អូសេអានីនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគរបស់បារាំង (Business France) បានសន្និដ្ឋានថា អាស៊ានកំពុងដើរតួនាទីមជ្ឈិមរវាងទីផ្សារធំពីរគឺចិន និងឥណ្ឌា ហើយកំពុងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយសកល។

យោងតាមលោក Yann Frollo de Kerlivio ចាប់តាំងពីអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មក ក្រុមហ៊ុនជាច្រើនបានបន្តយុទ្ធសាស្ត្រ "ចិន បូក ១"។ នេះគឺជាយុទ្ធសាស្ត្រនៃការធ្វើអាជីវកម្មរបស់សាជីវកម្មពហុជាតិសាសន៍ ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់  កាត់បន្ថយការពឹងផ្អែកនិងហានិភ័យនៅពេលប្រមូលផ្តុំផលិតកម្មតែនៅក្នុងប្រទេសចិន ដោយការពង្រីកការផលិតទៅកាន់ប្រទេសផ្សេងទៀត រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម និងថៃ ដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ការចំណាយ។

លោក Yann Frollo de Kerlivio សន្និដ្ឋានថា និន្នាការនេះបានផ្តល់អត្ថប្រយោជន៍ដល់ "ខ្លាអាស៊ីថ្មី" (ពាក្យដែលសំដៅទៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកច្រើនខ្លាំងក្លា) បានទទួលអត្ថប្រយោជន៍ ដោយហេតុនេះពង្រឹងតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់ពួកគេ។

នៅក្នុងនិន្នាការនៃសាជីវកម្មអន្តរជាតិដែលធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់  វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានអត្ថប្រយោជន៍ឈានមុខគេ។ សាជីវកម្មអន្តរជាតិច្រើនបានជ្រើសរើសវៀតណាមជាទីតាំងពង្រីកផលិតកម្ម ឬ បង្កើតមជ្ឈមណ្ឌលសម្របសម្រួលក្នុងតំបន់។ ក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ ម៉ាកល្បីៗជាច្រើនដូចជា Adidas, Puma និង Decathlon បានផ្លាស់ប្តូរការផលិតកម្មមួយផ្នែកទៅកាន់វៀតណាម។ ក្នុងវិស័យអេឡិចត្រូនិច ក្រុមហ៊ុនផលិតជាច្រើនក៏ទាញឆ្លៀតយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ និងបណ្តាញផ្គត់ផ្គង់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅវៀតណាម។

កត្តាសំខាន់មួយផ្សេងទៀតគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ក៏ដូចជាកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងសិង្ហបុរី ហើយឆាប់ៗនេះជាមួយប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងទាំងនេះជួយកាត់បន្ថយពន្ធគយ និងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មបារាំងក្នុងការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានប្រសិទ្ធភាព និងប្រកួតប្រជែងជាងមុននៅក្នុងតំបន់។

អាចមើលឃើញថា ការដែលលោក Trump ជំរុញគោលនយោបាយពន្ធគយក្នុងរយៈពេលថ្មីៗនេះបានប៉ះពាល់ជាច្រើន ប៉ុន្ដែប្រការនេះបានក្លាយជាកត្ដាសម្រាប់ជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មអាស៊ីឡើងវិញ ជាពិសេសនៅអាស៊ីអាគ្នេយ៍។

ពីការបារម្មក្លាយជាជនរងគ្រោះនៃការការពារនិយម ខឿនសេដ្ឋកិច្ចអាស៊ានបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយពង្រីកយន្តការសហប្រតិបត្តិការពហុភាគី និងទ្វេភាគីយ៉ាងសកម្ម ប្រែខ្លួនក្លាយជា "មជ្ឈមណ្ឌលតភ្ជាប់" ក្នុងរលកតភ្ជាប់ពាណិជ្ជកម្មថ្មី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជួយសម្រួលដល់ការធ្វើសមាហរណកម្មរបស់អាស៊ានទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោកដែលធ្វើ​ឱ្យតំបន់ក្លាយជាតំបន់មួយដែលមានការតភ្ជាប់និងស្វាហាប់បំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់ និងទាក់ទាញកាន់តែខ្លាំងឡើងនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ទោះជាយ៉ាងណាក៏ដោយ ទីផ្សារអាស៊ាននៅតែបង្ហាញបញ្ហាប្រឈមសម្រាប់អាជីវកម្មបារាំង។ ភាពចម្រុះនៃរបបនយោបាយ កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច និងភាពខុសគ្នាជាច្រើននៃសង្គម-វប្បធម៌ក្នុងចំណោមប្រទេសជាសមាជិក ដែលបង្ខំឱ្យអាជីវកម្មបារាំងមានភាពបត់បែនក្នុងយុទ្ធសាស្ត្រសម្រាប់ការចូលកាន់ទីផ្សារនីមួយៗ។ ក្រៅពីនេះ នេះជាទីផ្សារដែលមានការប្រកួតប្រជែង​ខ្លាំង ដោយចិនជាប្រទេសផ្គត់ផ្គង់ធំជាងគេរបស់តំបន់។

ដោយមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទីក្រុងប៉ារីស និងតំបន់អាស៊ាន ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាស៊ាន។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបីនៅចុងខែឧសភា កន្លងមក ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីសក្នុងការពង្រីកវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ានជាទីតាំងដែលកាន់តែដើរតួនាទីមជ្ឈភាពនៅក្នុងខ្សែសង្វាក់តម្លៃ​សកល៕

បកប្រែដោយ Pham Diep