វៀតណាម និងសហរដ្ឋអាមេរិកបន្តការចរចាបច្ចេកទេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌ និងមានតុល្យភាព
កប.អនឡាញ - ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី វគ្គចរចាបច្ចេកទេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌ និងមានតុល្យភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក បន្តត្រូវបានអនុវត្តក្រោមការដឹកនាំរបស់លោក Nguyen Hong Dien រដ្ឋមន្ត្រី ប្រធានគណៈប្រតិភូចរចាវៀតណាម និងលោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
បន្ទាប់ពីវគ្គចរចាថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី១២ ខែវិច្ឆិកា លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម អនុប្រធានគណៈប្រតិភូចរចាវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Rick Switzer អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមវគ្គចរចាបច្ចេកទេស។
    |
 |
|
លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម អនុប្រធានគណៈប្រតិភូចរចាវៀតណាម ជួបពិភាក្សាការងារជាមួយលោក Rick Switzer អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (រូបថត៖ chinhphu.vn) |
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការឯកភាពលើខ្លឹមសារមួយចំនួនសម្រាប់ក្រុមចរចាបច្ចេកទេសនៃភាគីទាំងពីរ ខិតខំដោះស្រាយដើម្បីធានាបាននូវលទ្ធផលល្អបំផុត។ នេះត្រូវបានចាត់ទុកថាជាជំហានបន្ទាប់ដ៏សំខាន់មួយ ពីព្រោះវាកំណត់ទិសដៅសម្រាប់ក្រុមបច្ចេកទេសនៅក្នុងវគ្គចរចាលើកនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្ថិរភាព តុល្យភាព យុត្តិធម៌ និងប្រកបដោយចីរភាព។
លោក Rick Switzer អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានទទួលស្គាល់ជំហានវិជ្ជមានក្នុងគោលនយោបាយពាណិជ្ជកម្ម កំណែទម្រង់ស្ថាប័ន និងការប្តេជ្ញាចិត្តធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក៏ដូចជាលទ្ធផលនៃការចរចាជុំថ្មីៗនេះ ព្រមទាំងអះអាងថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការចរចា។
បន្ទាប់ពីកិច្ចពិភាក្សា គណៈប្រតិភូចរចារបស់ប្រទេសទាំងពីរបានចាប់ផ្តើមអនុវត្តការងារនៅក្នុងក្រុមនីមួយៗ ដើម្បីចរចាខ្លឹមសារតាមផែនការដែលបានកំណត់ទុកជាមុន៕
បកប្រែដោយ Huyen Trang