លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់ក្នុងវិស័យអាកាសចរណ៍ និងសមុទ្រ
កប.អនឡាញ - នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Nguyen Xuan Sang អនុរដ្ឋមន្ត្រីក្រសួងសំណង់ បានជួបពិភាក្សាជាមួយ លោកស្រី Aukje de Vries រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ និងអាកាសចរណ៍រវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Aukje de Vries បានសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសប្រទេសវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសហូឡង់ ហើយជាផ្ទុយទៅវិញ ប្រទេសហូឡង់គឺជាអ្នកវិនិយោគឈានមុខគេនៅក្នុងសហភាពអឺរ៉ុបដែលវិនិយោគនៅវៀតណាម ដោយបើកឱកាសសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យសេវាកម្មភស្តុភារ កំពង់ផែ អាកាសចរណ៍ជាដើម។
លោកស្រី Aukje de Vries បានមានប្រសាសន៍ថា “សហគ្រាសហូឡង់ជាច្រើនចង់សហការ និងវិនិយោគនៅវៀតណាម រួមទាំងសហគ្រាសដែលចាប់អារម្មណ៍ និងត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅកំពង់ផែ Lien Chieu និងនៅតាមតំបន់ឧស្សាហកម្មនានាជាដើម។ យើងចង់ចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍសហគ្រាសហូឡង់ដែលចូលរួមវិនិយោគនៅវៀតណាម”។
    |
 |
|
លោក Nguyen Xuan Sang អនុរដ្ឋមន្ត្រីក្រសួង សំណង់ បានជួបពិភាក្សាជាមួយ លោកស្រី Aukje de Vries រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់ |
លោក Nguyen Xuan Sang បានសង្កត់ធ្ងន់ថា ដោយមានប្រវត្តិយូរអង្វែងនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងតម្រូវការ និងនិន្នាការនៃការអភិវឌ្ឍសមាហរណកម្មរបស់វៀតណាម នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើគ្រប់វិស័យ រួមទាំងការដឹកជញ្ជូន និងសំណង់ផងដែរ។
លោក Nguyen Xuan Sang បានស្នើឱ្យប្រទេសហូឡង់គាំទ្រក្រុមហ៊ុនអាកាសចរណ៍នៃភាគីទាំងពីរឱ្យទាញយកផលប្រយោជន៍ពីផ្លូវហោះហើរត្រង់រវាងវៀតណាម និងហូឡង់ក្នុងពេលឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងតួនាទីជាដៃគូ ផ្តល់ឧបករណ៍សម្រាប់ប្រតិបត្តិការហោះហើរ ធ្វើអាជីវកម្មអាកាសយានដ្ឋានជាដើម។
លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសហូឡង់គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសមុទ្រ និងអាកាសចរណ៍។ ក្នុងពេលជាមួយគ្នានេះ ចែករំលែកបទពិសោធន៍ និងការគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែសមុទ្របៃតង និងឆ្លាតវៃ ការប្រើប្រាស់ឥន្ធនៈស្អាតក្នុងការដឹកជញ្ជូនតាមផ្លូវទឹក...
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងការសាងសង់នាវា ការវិនិយោគនៅកំពង់ផែ Lien Chieu កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល... ដោយហេតុនេះ ភាគីទាំងពីរបានយល់ព្រមពិភាក្សាយ៉ាងសកម្ម និងស្វែងរកដំណោះស្រាយ លុបបំបាត់ឧបសគ្គ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ៕
បកប្រែដោយ Thanh Cong