វៀតណាមក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជំនាន់ថ្មីឈានមុខគេរបស់អាស៊ាន
កប.អនឡាញ - នាពេលថ្មីៗនេះ គេហទំព័រ businesstimes.com.sg របស់សិង្ហបុរី បានផ្សាយអត្ថបទមួយដែលសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជំនាន់ថ្មីឈានមុខគេរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាស្រ័យលើសមត្ថភាពផលិត និងកំណើននៃការនាំចេញ ខណៈពេលដែលរដ្ឋាភិបាលកំពុងជំរុញការវិនិយោគដើម្បីអនុវត្តកំណែទម្រង់ និងគោលដៅកំណើនសម្រាប់ឆ្នាំ ២០២៦។
យោងតាមអត្ថបទនេះ បើប្រៀបធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ការប្រកួតប្រជែងដែលកំពុងកើនឡើង កំពុងជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មឈានមុខគេមួយរបស់ពិភពលោក។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចសកល Allianz Research (ប្រទេសអាល្លឺម៉ង់) នៅថ្ងៃទី ៥ ខែវិច្ឆិកា ការដែលវៀតណាមត្រូវបានចាត់ថ្នាក់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មជំនាន់ថ្មីដ៏មានសក្តានុពលទីពីរ បន្ទាប់ពីអារ៉ាប់រួម (UAE) បានពង្រឹងតួនាទីរបស់វៀតណាម។ កម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាមមកពីកំណើនដ៏រឹងមាំនៃការនាំចេញ និងកិច្ចព្រមព្រៀងពន្ធថ្មីជាមួយសហរដ្ឋអាមេរិក តាមរយៈនោះលើកកម្ពស់តួនាទីជាមជ្ឈភាពសម្រាប់ការផ្លាស់ប្តូរនៃខ្សែសង្វាក់ផលិតកម្មអាស៊ីឡើងវិញរបស់វៀតណាម។
របាយការណ៍នេះបានឲ្យដឹងថា ប្រទេសវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើនឡើង ខណៈពេលដែលតម្លៃពលកម្មទាប និងទំនិញនាំចេញសម្បូរបែបបានរួមចំណែកដល់ការលើកកម្ពស់ឥទ្ធិពលរបស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្ដូរក្នុងតំបន់។
នៅក្នុងខែតុលា ឆ្នាំ២០២៥ ទំហំនៃការនាំចេញទំនិញរបស់វៀតណាមសម្រេចបាន ៤២.១ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៥ ទំហំនៃការនាំចេញ និងនាំចូលសរុបរបស់វៀតណាមបានកើនឡើង ១៦.២% និង ១៨.៦%។
ទន្ទឹមនឹងនេះ ឧស្សាហកម្មផលិតកម្មរបស់វៀតណាមកំពុងស្ដារឡើងវិញនៅដើមត្រីមាសទី ៤ ឆ្នាំ ២០២៥។ យោងតាម S&P Global សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) សម្រាប់វិស័យផលិតកម្មរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង សម្រេចបាន ៥៤.៥ ពិន្ទុក្នុងខែតុលា បើធៀបនឹង ៥០.៤ ពិន្ទុក្នុងខែកញ្ញា។ ការកើនឡើងនេះបានបង្ហាញពីកំណើននៃទិន្នផល និងចំនួនការបញ្ជាទិញថ្មី។
វិស័យទេសចរណ៍គឺជាចំណុចភ្លឺមួយទៀតនៃសេដ្ឋកិច្ចរបស់វៀតណាមនៅ២០២៥។ នៅក្នុងខែតុលា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង ២២.១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ បន្ទាប់ពីកើនឡើង ១៩.៥% ក្នុងខែកញ្ញា ឆ្នាំ២០២៥។ នេះបង្ហាញថា វៀតណាមជាគោលដៅទេសចរណ៍កាន់តែមានភាពទាក់ទាញ។
របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា អត្រាអតិផរណារបស់ប្រទេសវៀតណាមបានធ្លាក់ចុះមកត្រឹម ៣.២៥% នៅក្នុងខែតុលា ឆ្នាំ២០២៥។ ការវិនិយោគពីថវិការដ្ឋបានកើនឡើងជាង ២៩% បើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៤ តាមរយៈនោះ រក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំនៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៥។
ការវិនិយោគពីបរទេសក៏កំពុងហូរចូលទៅក្នុងប្រទេសវៀតណាមក្នុងល្បឿនលឿនផងដែរ។ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើង ៨.៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយសម្រេចបាន ២១.៣ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ខែដើមឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧។ ទន្ទឹមនឹងនោះ FDI ដែលបានចុះបញ្ជី (បង្ហាញពីលំហូរវិនិយោគនាពេលអនាគត) បានកើនឡើង ១៥.៦% ដល់ ៣១.៥២ ពាន់លានដុល្លារអាមេរិក។ នេះបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងរបស់វិនិយោគិនលើយថាទស្សន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh