វៀតណាម-បារាំង រៀបចំកិច្ចសន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីសេដ្ឋកិច្ច
កប.អនឡាញ - នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាម និងអគ្គនាយកដ្ឋានរតនាគារបារាំង បានរៀបចំវេទិកាសន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង។
លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកស្រី Magali Cesana នាយិកានៃនាយកដ្ឋានកិច្ចការទ្វេភាគី អន្តរជាតូបនីយកម្មសហគ្រាសបារាំង នៃអគ្គនាយកដ្ឋានរតនាគារបារាំង បានធ្វើជាសហអធិបតីនៃវេទិកានេះ។
នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម និងបារាំង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ការជួយឧបត្ថម្ភអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ វៀតណាម-បារាំង ក្នុងវិស័យមួយចំនួនដូចជា៖ គមនាគមន៍ ថាមពល កសិកម្ម បរិស្ថាន ហិរញ្ញវត្ថុ និងធនាគារ។
    |
 |
|
ក្រសួងហិរញ្ញវត្ថុវៀតណាម និងអគ្គនាយកដ្ឋានរតនាគារបារាំង រៀបចំកិច្ចសន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីសេដ្ឋកិច្ចវៀតណាម - បារាំង (រូបថត៖ baochinhphu.vn) |
លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា វៀតណាមចាប់ផ្តើមសម័យសំខាន់មួយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ២០២៦-២០៣០ ដែលក្នុងនោះ ការវិនិយោគសាធារណៈត្រូវបានកំណត់ថាជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើន រួមចំណែកដល់ការសម្រេចគោលដៅនៃកំណើនពីរខ្ទង់ជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោក Tran Quoc Phuong អនុរដ្ឋមន្ត្រី សង្ឃឹមថា ភាគីបារាំងនឹងរួមដំណើរជាមួយវៀតណាមក្នុងការសម្រេចគោលដៅនេះ។ លោក Tran Quoc Phuong បានអះអាងថា “យើងនឹងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ចាប់ពីថាមពល គមនាគមន៍ រហូតដល់ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្ម បៃតង និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ យើងខ្ញុំចង់បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនបារាំង ក្នុងនាមជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម”។
រីឯលោកស្រី Magali Cesana នាយិកានាយកដ្ឋានកិច្ចការទ្វេភាគី អន្តរជាតូបនីយកម្មសហគ្រាសបារាំង នៃអគ្គនាយកដ្ឋានរតនាគារបារាំង បានបញ្ជាក់ថា បារាំងយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តកម្មវិធីសំខាន់មួយស្តីពីកំណែទម្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសនៅក្នុងគម្រោងលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងថាមពលធំៗ ការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល៕
បកប្រែដោយ Huyen Trang