ក្នុងនាមលោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម ថ្នាក់ដឹកនាំក្រសួង និងកម្មាភិបាលទាំងអស់នៃក្រសួងការបរទេសវៀតណាម លោកអនុរដ្ឋមន្ត្រី បានផ្តាំផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកស្រីឯកអគ្គរាជទូត ជា គឹមថា និងមន្ត្រី និងបុគ្គលិកនៃស្ថានទូតកម្ពុជា ក្នុងឱកាសដ៏សំខាន់នៃប្រទេសបងប្អូនកម្ពុជា។
លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រយៈពេល ៧២ ឆ្នាំកន្លងមកនេះ គឺជាសក្ខីភាពដ៏រស់រវើកចំពោះឆន្ទៈដ៏រឹងមាំ សាមគ្គីភាព និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់ ជាពិសេសការសម្រេចចិត្តដ៏ក្លាហាន និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានជំនះការលំបាករាប់មិនអស់ និងបានឈានទៅមុខលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីការបរទេស អះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា |
លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមតែងតែជឿជាក់ថា ការលើកកម្ពស់ប្រពៃណីដ៏មានតម្លៃដែលត្រូវបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្រ និងការអនុវត្ត ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះបាទនរោត្តម សីហមុនី ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត នឹងបន្តនាំឱ្យប្រទេសជាតិឱ្យសម្រេចបាននូវសមិទ្ធផលកាន់តែច្រើននាពេលអនាគត។
ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Nguyen Manh Cuong ក៏បានសម្តែងការកោតសរសើរចំពោះកម្ពុជាដែលបានចាត់តាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) និងខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាឯករាជ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ក៏ដូចជាការចូលរួមពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយ។ ទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកនៃសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។
“វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងយូរអង្វែងជាមួយកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ រួមគ្នាជាមួយកម្ពុជា និងឡាវ លើកកម្ពស់ទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសបងប្អូនទាំងបី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់”។ លោកអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដូចខាងលើ។
លោកអនុរដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាប្រចាំតាមរយៈបក្ស រដ្ឋ រដ្ឋសភា មូលដ្ឋាន និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅតែជាចំណុចភ្លឺស្វាង ហើយកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខនៅតែជាសសរស្តម្ភរឹងមាំនៅក្នុងទំនាក់ទំនងទ្វេភាគី។
លោកអនុរដ្ឋមន្ត្រីជឿជាក់ថា លទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំរបស់ប្រមុខបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ (ខែកុម្ភៈ ឆ្នាំ២០២៥) និងរាល់ជំនួបកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តរួមចំណែកដល់ការពង្រឹងសាមគ្គីភាពពិសេសរវាងប្រជាជនទាំងពីរបន្ថែមទៀត។
ក្នុងនាមក្រសួងការបរទេសវៀតណាម លោកអនុរដ្ឋមន្ត្រី Nguyen Manh Cuong បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកស្រីឯកអគ្គរាជទូត មន្រ្តី និងបុគ្គលិកស្ថានទូតកម្ពុជា ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរបស់ពួកគេក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការបម្រើការផ្លាស់ប្តូរគណៈប្រតិភូ ក៏ដូចជាការដោះស្រាយបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងទ្វេភាគីយ៉ាងឆាប់រហ័ស។
លោកអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសទាំងពីរនឹងមានសកម្មភាពការបរទេសសំខាន់ៗជាច្រើន រួមទាំងពិធីបើកច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam-ម៉ឺនជ័យ កិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរាល់ខេត្តព្រំដែនដែលនឹងប្រព្រឹត្តទៅនៅភ្នំពេញ និងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេសនៅសៀមរាប។
មានប្រសាន៍ឆ្លើយតប លោកស្រី ឯកអគ្គរាជទូត ជា គឹមថា បានសម្តែងអារម្មណ៍រំភើបចិត្ត និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអនុរដ្ឋមន្ត្រី Nguyen Manh Cuong ចំពោះការប្រសិទ្ធពរដ៏ល្អៗរបស់លោក Nguyen Manh Cuong ដោយបង្ហាញពីក្តីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះប្រទេសកម្ពុជា ក្នុងឱកាសខួបលើកទី៧២ នៃទិវាឯករាជ្យជាតិ។
លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានសង្កត់ធ្ងន់ថា៖ “ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចនូវការគាំទ្រដ៏ស្មោះស្ម័គ្រ របស់វៀតណាមក្នុងការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន”។ លោកស្រី ជា គឹមថា បានអះអាងទៀតថា សាមគ្គីភាពដ៏ជិតស្និទ្ធ និងស្មោះត្រង់រវាងប្រជាជនកម្ពុជា និងវៀតណាម គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបណ្តុះពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ហើយនឹងជាមូលដ្ឋានសម្រាប់យើងធ្វើការជាមួយគ្នាឆ្ពោះទៅរកអនាគតកាន់តែប្រសើរឡើងជារៀងរហូត។
លោកឯកអគ្គរាជទូត ជា គឹមថា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ លោកស្រីបានអះអាងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់សកម្មភាពសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ជាពិសេសនៅឆ្នាំ ២០២៥ ដែលជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងប្រទេសទាំងបីគឺវៀតណាម ឡាវ និងកម្ពុជា។
លោកស្រីឯកអគ្គរាជទូតបានសម្តែងជំនឿថា ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Minh Trung