ដំណើរការអភិវឌ្ឍន៍នោះ មិនត្រឹមតែត្រូវបានវាយតម្លៃដោយសូចនាករកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមតាំងជាសក្ខីភាពដ៏រស់រវើកនៃភាពធន់ ភាពវៃឆ្លាត និងសេចក្តីប្រាថ្នានៃការក្រោកឡើងឥតឈប់ឈររបស់ប្រជាជាតិវៀតណាមទៀតផង។
ពីភាពក្រីក្រ និងមានសង្រ្គាមក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់ និងសមាហរណកម្ម
ក្រឡេកទៅមើលដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក យើងអាចឃើញថា ដំណាក់កាលនីមួយៗបានបន្សល់ទុកនូវសមិទ្ធផលគួរឲ្យកត់សម្គាល់នូវការគ្រប់គ្រង និងការជ្រើសរើសយុទ្ធសាស្រ្តសម្រាប់កំណើនសេដ្ឋកិច្ច។ ឆ្នាំ១៩៤៥ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសេដ្ឋកិច្ចមួយដែលធ្លាក់ចុះបន្ទាប់ពីការគ្រប់គ្រងជាច្រើនឆ្នាំនៃអាណានិគម សក្តិភូមិ និងហ្វាស៊ីស។ ក្នុងអំឡុងពេលជាច្រើនទស្សវត្សរ៍បន្ដបន្ទាប់ ប្រទេសវៀតណាមត្រូវតែខិតខំប្រឹងប្រែងលើសង្រ្គាមតស៊ូ ការពារមាតុភូមិ និងបង្រួបបង្រួមជាតិ ក្នុងបរិបទនៃសេដ្ឋកិច្ចដែលផ្អែកលើជំនួយបរទេស។
បន្ទាប់ពីការបង្រួបបង្រួមជាតិ (១៩៧៦-១៩៨៥) គឺជាដំណាក់កាលដែលប្រទេសផ្តោតលើការកសាងសង្គមនិយម។ ប៉ុន្ដែគំរូនៃការគ្រប់គ្រងដែលមានលក្ខណៈរបស់ការិយាធិបតេយ្យ និងការឧបត្ថម្ភធនអូសបន្លាយបានបង្ហាញពីចំណុចខ្វះខាតជាច្រើនដែលបណ្តាលឱ្យអតិផរណាលើសពី ៧០០% ដែលធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនមានការលំបាកយ៉ាងខ្លាំង ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ត្រឹមតែប្រហែល ១០០ ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។ នេះគឺជាដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែក៏ជាជំហានមួយសម្រាប់បក្សកុម្មុយនិស្ដវៀតណាមមើលឃើញការពិត ផ្លាស់ផ្នត់គំនិត និងវិធីសាស្រ្តអភិវឌ្ឍន៍។
    |
 |
ការអនុវត្ដគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០kV ពី Lao Cai - Vinh Yen នាខែសីហា ឆ្នាំ២០២៥ |
គោលនយោបាយនៃការផ្លាស់ថ្មីដែលបានផ្តួចផ្តើមនៅមហាសន្និបាតលើកទី៦ (ខែធ្នូ ឆ្នាំ១៩៨៦) គឺជាចំណុចរបត់ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការផ្លាស់ថ្មីរបស់ប្រទេសជាតិ។ វៀតណាមបានបោះបង់ចោលជាបណ្តើរៗនូវគំរូឧបត្ថម្ភធន អនុវត្ដខឿនសេដ្ឋកិច្ចតាមយន្តការទីផ្សារតម្រង់ទិសសង្គមនិយម និងពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ។ កំណែទម្រង់យ៉ាងខ្លាំង និងនាំខឿនសេដ្ឋកិច្ចចេញពីវិបត្តិ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងបង្កើតសន្ទុះសម្រាប់កំណើនរយៈពេលវែង។ ពីខឿនសេដ្ឋកិច្ចកសិកម្ម និងពឹងផ្អែកលើជំនួយ វៀតណាមបានចូលរួមទីផ្សារពិភពលោក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ និងក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ក្នុងរយៈពេល ៣ ទស្សវត្សកន្លងមកនេះ កំណើនផលិតផលក្នុងស្រុកសរុប (GDP ) ប្រចាំឆ្នាំជាមធ្យមរបស់វៀតណាមសម្រេចបានប្រហែល ៦-៧%។ ឆ្នាំ១៩៤៥ រតនាគារជាតិមានតែត្រឹមតែ ១.២៥ លានដុងឥណ្ឌូចិនប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថវិការដ្ឋបានកើនឡើងដល់ ២.១ លានលានដុង កើនឡើងជិត ១០០,០០០ ដង។ ប្រសិនបើក្នុងឆ្នាំ ១៩៩០ GDP របស់វៀតណាមសម្រេចបាន ៤១.៩៥៥ ពាន់លានដុង គឺនៅឆ្នាំ ២០២៤ តួលេខនេះគឺ ៤៧៦.៣ ពាន់លានដុល្លារអាមេរិក។
វៀតណាមបានចូលជាប្រទេសកំពូលទាំង ២០ សម្រាប់ពាណិជ្ជកម្មពិភពលោក និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយដៃគូជាង ២០០ នៅលើពិភពលោក ហើយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីចំនួន ១៧។
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវគំរូអភិវឌ្ឍន៍របស់ខ្លួនពីការរុករកធនធាន និងកម្លាំងពលកម្មថោកទៅពឹងផ្អែកលើការនវានុវត្ដន៍ ឌីជីថលូបនីយកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឆ្ពោះទៅរកដំណើររុងរឿង
សមត្ថភាពពន្លឿនសេដ្ឋកិច្ចរបស់វៀតណាមមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងតួលេខកំណើន ឬ GDP ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅមូលដ្ឋានដែលត្រូវបានបណ្ដុះក្នុងដំណើរកសាង និងការពារប្រទេសជាតិទៀតផង។ ទាំងនេះគឺជាការផ្នត់គំនិតអំពីឯករាជ្យ និងស្វ័យភាព ស្មារតីនៃការធ្វើនវានុវត្ដន៍ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងតួនាទីស្ថាបនារបស់រដ្ឋ និងភាពធន់នៃអង្គភាពអាជីវកម្ម។ គុណសម្បត្តិទាំងនេះជួយវៀតណាមជំនះបញ្ហាប្រឈមជាច្រើនដូចជាសង្គ្រាម ការហ៊ុមព័ទ្ធសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុសកល ជំងឺរាតត្បាត Covid-19 និងការប្រែប្រួលភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័ស និងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកនិន្នាការអភិវឌ្ឍន៍បៃតង និងឌីជីថល។
នៅឯពិព័រណ៍សមិទ្ធិផលជាតិដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ទីក្រុងហាណូយ) តួលេខនូវកំណើនគួរឲ្យចាប់អារម្មណ៍ គម្រោងថ្នាក់ជាតិ និងផលិតផលបច្ចេកវិទ្យា "ផលិតដោយវៀតណាម" បានបង្ហាញយ៉ាងច្បាស់ពីកម្លាំងផ្ទៃក្នុងនៃសេដ្ឋកិច្ចវៀតណាម។ ស្តង់ផលិតផលនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) បានតាំងបង្ហាញផលិតផលបច្ចេកវិទ្យាជិត ៥០ រួមទាំងវិស័យស៊ីវិល និងយោធា ដែលភាគច្រើនជាបច្ចេកវិទ្យាស្នូល យុទ្ធសាស្ត្រជាតិ។ ស្តង់ផលិតផលរបស់សាជីវកម្ម Vingroup បានទាក់ទាញអ្នកទស្សនាជាមួយនឹងរថយន្តអគ្គិសនី និងក្រុមមនុស្សយន្ត VinRobotics និង VinMotion។
ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមមានគោលបំណងចង់ឱ្យ GDP កើនឡើង ៨% នៅឆ្នាំ ២០២៥ និងឆ្ពោះទៅគោលដៅសម្រាប់កំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ នេះគឺជាគោលដៅធំដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយនិងស៊ីសង្វាក់គ្នា។ មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព សក្ដានុពលនៃកំណើនធំទូលាយ ការប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ ការផ្លាស់ប្ដូរគំរូកំណើននិងការលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើនវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល គឺជាកម្លាំងចលករដ៏សំខាន់។
កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ សម្រេចបាន ៧.៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងកំឡុងឆ្នាំ ២០១១-២០២៥ ដែលបង្ហាញយ៉ាងច្បាស់អំពីការស្ដារនិងការអភិវឌ្ឍរបស់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទសកលលោកដែលមានការវិវឌ្ឍន៍ជាច្រើន។
ពីប្រទេសដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម ជួបប្រទះនឹងរយៈពេលនៃអតិផរណាខ្ពស់ និងវិបត្តិសេដ្ឋកិច្ចអូសបន្លាយនោះ ឥឡូវនេះ វៀតណាមបានមានកិត្យានុភាពថ្មីនៅលើផែនទីសេដ្ឋកិច្ចពិភពលោក។ សមិទ្ធិផលថ្ងៃនេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិអភិវឌ្ឍ បន្តឆ្ពោះទៅគោលដៅក្លាយជាប្រទេសរីកចម្រើន និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំ នៃការបង្កើតប្រទេសជាតិ៕
បកប្រែដោយ Pham Diep