វៀតណាមត្រូវតែសម្រេចបានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០៤៥
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដឹកនាំសន្និសីទរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានដើម្បីអនុវត្តសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាលស្តីពីកំណើនសេដ្ឋកិច្ច។ សន្និសិទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយមូលដ្ឋានទាំង ៦៣ ក្នុងប្រទេស។
អញ្ជើញថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ គឺកំណើន GDP ត្រូវតែសម្រេចបានយ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ២០២៥ និងកំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ; ឆ្ពោះទៅរកគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ៖ ខិតខំដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; នៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំងនេះ គ្មានមធ្យោបាយផ្សេងក្រៅពីរក្សាកំណើនខ្ពស់ និរន្តរភាព និងបន្តបន្ទាប់ក្នុងរយៈពេលពីរទសវត្សរ៍។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងសន្និសីទ (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា “ប្រសិនបើចង់ឲ្យកំណើនៃប្រទេសទាំងមូលលើសពី ៨% គឺគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់ត្រូវមានកំណើនលើសពី ៨% ហើយសហគ្រាសទាំងក្នុងស្រុក និងបរទេស ទាំងសេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចឯកជន សុទ្ធតែត្រូវសម្រេចបានកំណើនលើសពី ៨%។ ទោះបីជាមានកំណើនខ្ពស់ ប៉ុន្តែត្រូវតែមាននិរន្តរភាព ដោយរក្សារឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាវឌ្ឍនភាព យុត្តិធម៌ សុខុមាលភាពសង្គម និងការការពារបរិស្ថាន។ យើងមិនលះបង់វឌ្ឍនភាព យុត្តិធម៌ សុខុមាលភាពសង្គម និងបរិស្ថាន ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ”។
លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗដែលចាំបាច់ត្រូវអនុវត្តភ្លាមៗក្នុងខែកុម្ភៈ និងត្រីមាសទីមួយ រួមមាន៖ ខិតខំសម្រេចបានអត្រាកំណើន GDP យ៉ាងហោចណាស់ ៨%; GDP ក្នុងមនុស្សម្នាក់លើសពី ៥០០០ ដុល្លារ; អត្រាកំណើន CPI ជាមធ្យមគឺប្រហែល ៤.៥-៥%; បន្តសុក្រិតស្ថាប័ន ធានាការរៀបចំបង្រួមរចនាសម្ព័ន្ធស្ថាប័នប្រកបដោយប្រសិទ្ធភាព; ជំរុញកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថល; ជំរុញកម្លាំងចលករកំណើន; ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; ជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយ; បង្កើនកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ៕
បកប្រែដោយ Huyen Trang