ខេត្ត Can Tho ចែកថ្នាំពេទ្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ
កប.អនឡាញ - នាថ្ងៃទី ១៧ ខែកុម្ភៈ មន្ទីរពេទ្យសាកលវិទ្យាល័យ Nam Can Tho សហការជាមួយក្រុមហ៊ុនវិនិយោគ Khoi Nguyen (KNI) និងមន្ទីរពេទ្យសាកលវិទ្យាល័យ Wonkwang (កូរ៉េខាងត្បូង) បានរៀបចំពិធីបើកកម្មវិធីពិនិត្យសុខភាពដោយស្ម័គ្រចិត្តជូនប្រជាជន។
ថ្លែងក្នុងពិធីបើកកម្មវិធី លោកសាស្ត្រាចារ្យរង បណ្ឌិត Dam Van Cuong នាយកមន្ទីរពេទ្យ Nam Can Tho បានឲ្យដឹងថា ដើម្បីរៀបចំព្រឹត្តិការណ៍នេះ មន្ទីរពេទ្យសាកលវិទ្យាល័យ Wonkwang បានបញ្ជូនក្រុមអ្នកជំនាញ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកបច្ចេកទេស និងកម្មាភិបាលជាង ៦០ នាក់ ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Nam Can Tho ដើម្បីពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏មានសកម្មភាពកាត់សក់ ស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង រួមទាំងការស្លៀកសំលៀកបំពាក់ Hanbok ប្រពៃណីផងដែរ។
    |
 |
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងសាកលវិទ្យាល័យ Nam Can Tho ក្រុមហ៊ុន Khoi Nguyen និងសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្រ្ដ Wonkwang (កូរ៉េខាងត្បូង) |
ក្នុងបំណងលើកកម្ពស់គុណភាពនៃសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន ក្នុងឱកាសនេះ មន្ទីរពេទ្យសាកលវិទ្យាល័យ Nam Can Tho បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Khoi Nguyen និងមន្ទីរពេទ្យសាកលវិទ្យាល័យ Wonkwang ស្ដីពីការលើកកំពស់គុណភាពនៃការថែទាំសុខភាពសម្រាប់សហគមន៍ និងពង្រីកសេវាវេជ្ជសាស្រ្តទំនើប។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យសាកលវិទ្យាល័យ Nam Can Tho និង KNI សាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្រ្ដ Wonkwang ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបរវាងវៀតណាម និងកូរ៉េខាងត្បូង និងការផ្លាស់ប្តូរនិស្សិតពេទ្យក្នុងបំណងលើកកំពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាលវេជ្ជសាស្រ្ត។
លោក Trinh Quang Khoi Nguyen អគ្គនាយកក្រុមហ៊ុនវិនិយោគ Khoi Nguyen បានឲ្យដឹងថា កម្មវិធីលើកនេះ មិនត្រឹមតែពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនរាប់ពាន់នាក់នៅខេត្ត Can Tho ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសសម្រាប់ប្រជាជននៅមូលដ្ឋានទទួលបានបច្ចេកទេសវេជ្ជសាស្រ្តទំនើបពីប្រទេសកូរ៉េខាងត្បូងផងដែរ។ ទន្ទឹមនឹងនោះ កម្មវិធីក៏រួមចំណែកពង្រឹងចំណងមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូង។
កម្មវិធីនេះប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈដល់ថ្ងៃទី ១៩ ខែកុម្ភៈ) នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Nam Can Tho៕
បកប្រែដោយ Thuy Anh