ខេត្ត Kien Giang អនុវត្តផែនការទៅរៀបចំសកម្មភាពបុណ្យចូលឆ្នាំថ្មីនៃកងទ័ពនិងប្រជាជន
កប.អនឡាញ - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា គណៈកម្មការដឹកនាំសកម្មភាពរវាងកងទ័ពនិងប្រជាជនខេត្ត Kien Giang ប្រទេសវៀតណាម បានរៀបចំសន្និសីទអនុវត្តផែនការចេញដំណើរទៅរៀបចំបុណ្យចូលឆ្នាំថ្មីនៃកងទ័ពនិងប្រជាជនឆ្នាំ២០២៥ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ នៅឃុំ Ban Thanh ស្រុក Giong Rieng។ នេះជាឆ្នាំទី ៣ ហើយដែលខេត្ត Kien Giang បានរៀបចំសកម្មភាពបុណ្យចូលឆ្នាំថ្មីនៃកងទ័ពនិងប្រជាជនរបស់ជនរួមជាតិខ្មែរ។
តាមគម្រោង ពិធីចេញដំណើរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ដោយមានសកម្មភាពជាច្រើនដូចជា៖ វប្បធម៌ និងសិល្បៈ ការសាងសង់ ជួសជុលស្ពាននិងផ្លូវជនបទ សម្អាតបរិស្ថាន ផ្តល់ថវិកាជួយសាងសង់ផ្ទះសម្រាប់ប្រជាពលរដ្ឋ ផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សជនជាតិខ្មែរក្រីក្រ ដែលជំនះការលំបាក និងមានលទ្ធផលល្អក្នុងការសិក្សា ហើយបើកការដ្ឋានសាងសង់ស្ពានចរាចរណ៍ជនបទ និងផ្ទះមហាសាមគ្គី។
ដើម្បីឲ្យរៀបចំដោយជោគជ័យនូវពិធីចេញដំណើរ លោកវរសេនីយ៍ឯក Cao Minh Tam អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំសកម្មភាពរវាងកងទ័ព និងប្រជាជនខេត្ត Kien Giang បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធស្រុក Giong Rieng សហការជាមួយមន្ទីរ ស្ថាប័ន និងមូលដ្ឋានរៀបចំផែនការសកម្មភាពជាក់លាក់ ចុះពិនិត្យនៅទីតាំងរៀបចំពិធីចេញដំណើរ សាងសង់ និងជួសជុលសំណង់សង្គម។ ជាពិសេសត្រូវធ្វើការឃោសនាឲ្យបានល្អ ដើម្បីកម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋយល់ច្បាស់ពីអត្ថន័យនៃសកម្មភាព បង្កើតបរិយាកាសរីករាយ កក់ក្តៅ និងពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន៕
បកប្រែដោយ Thuy Anh