ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េខាងត្បូង
កប.អនឡាញ - កូរ៉េខាងត្បូងបានចាប់ផ្តើមការធ្វើវិនិយោគនៅវៀតណាម ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ ហើយបានក្លាយទៅជាអ្នកវិនិយោគដ៏ធំមួយនៅវៀតណាមយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្ននេះ ទាំងកាលានុវត្តភាព និងសក្តានុពលនៅតែមានជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍សហគ្រាសវៀតណាម និងកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម (បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក) ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៧៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ហើយជាទីផ្សារនាំចេញធំទីបីរបស់វៀតណាម (បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក) និងជាទីផ្សារនាំចូលធំទីពីររបស់វៀតណាម (បន្ទាប់ពីប្រទេសចិន)។ យោងតាមក្រសួងផែនការ និងវិនិយោគ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ទុនវិនិយោគផ្ទាល់សរុបពីប្រទេសកូរ៉េខាងត្បូងចូលមកប្រទេសវៀតណាម បានឈានដល់ជិត ៨៧.៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងវិនិយោគជាង ១០,០០០ គម្រោងស្មើនឹង ២៥% នៃគម្រោងសរុប និងច្រើនជាង ១៨% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះឈ្មោះធ្វើវិនិយោគនៅវៀតណាម។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ កូរ៉េខាងត្បូងបានវិនិយោគបន្ថែមចំនួន ១.៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៨៤ ដែលវិនិយោគនៅវៀតណាម កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ប្រភពនៃទុនវិនិយោគរបស់កូរ៉េខាងត្បូងនៅវៀតណាមនាពេលថ្មីៗនេះ មានការផ្លាស់ប្តូរយ៉ាងខ្លាំងពីវិស័យកែច្នៃសាមញ្ញទៅជាឧស្សាហកម្មដែលមានមាតិកាបច្ចេកវិទ្យាខ្ពស់ គម្រោងថាមពល ហិរញ្ញវត្ថុ-ធនាគារ និងសេវាកម្មដែលមានគុណភាពខ្ពស់។ល។
|
|
សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងសហគ្រាសធុនតូច និងមធ្យមវៀតណាម និងកូរ៉េខាងត្បូងនៅទីក្រុងហាណូយ (រូបថត៖ KOTRA Hanoi) |
ដោយវាយតំលៃខ្ពស់ចំពោះកាលានុវត្តភាព និងសក្តានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា កូរ៉េខាងត្បូងគឺជាប្រទេសដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ សាជីវកម្ម និងសហគ្រាសធំៗជាច្រើនរបស់កូរ៉េខាងត្បូងដែលមានម៉ាកយីហោអន្តរជាតិ សុទ្ធតែមានដំណើរការរីកចម្រើនពីសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមនឹងនោះ សហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមក៏កំពុងអភិវឌ្ឍជាបណ្តើរៗ ជំរុញយ៉ាងសកម្មនូវការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមបន្តិចម្តងៗក្នុងដំណាក់កាលកាន់តែខ្ពស់ក្នុងខ្សែសង្វាក់តម្លៃសកល រួមទាំងសហគ្រាសកូរ៉េខាងត្បូងផងដែរ។ សហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមមានសក្ដានុពល និងប្រៀបខ្លាំងក្នុងវិស័យជាច្រើនដូចជា៖ កែច្នៃ ការផលិត អគ្គិសនី និងអេឡិចត្រូនិច កសិកម្ម និងកសិផល កែច្នៃចំណីអាហារ បច្ចេកវិទ្យាព័ត៌មាន វាយនភណ្ឌ ស្បែកជើង។ល។ នៅវៀតណាម សហគ្រាសធុនតូច និងមធ្យម មានប្រហែល ៩៨% នៃសហគ្រាសរុបជិត ៩៣០,០០០ ដែលកំពុងដំណើរការនៅក្នុងខឿនសេដ្ឋកិច្ច។ សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ពលករ។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើសហគ្រាសធុនតូច និងមធ្យម និងការចាប់ផ្ដើមអាជីវកម្មរវាងក្រសួងផែនការ និងវិនិយោគ និងក្រសួងសហគ្រាសធុនតូច និងមធ្យម និងចាប់ផ្ដើមអាជីវកម្មកូរ៉េខាងត្បូង ដែលត្រូវបានចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅ នឹងបើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើការវិនិយោគ ពាណិជ្ជកម្ម និងការតភ្ជាប់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ រួមចំណែកជំរុញការធ្វើនវានុវត្តន៍ និងអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ វៀតណាមចង់ឱ្យសហគ្រាសកូរ៉េខាងត្បូងពង្រីកការវិនិយោគលើវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការខ្ពស់ ជាពិសេសវិស័យដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក និងឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា បន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត អ៊ីដ្រូសែន ឧស្សាហកម្មវប្បធម៌កម្សាន្ត។
ក្រសួងផែនការ និងវិនិយោគសន្យាជានិច្ចកាលរួមដំណើរ និងឧបត្ថម្ភសហគ្រាស និងសមាគមធុរកិច្ចក្នុងការកសាង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងកូរ៉េខាងត្បូង បង្កើតទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang