កាលពី ២ សប្តាហ៍មុន ក្មេងប្រុសមានអាយុ ២ ឆ្នាំ សញ្ជាតិខ្មែរ   ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ ក្នុងស្ថានភាពអស់កម្លាំង ដង្ហើមខ្លី។ តាមរយៈអ្នកបកប្រែ អ្នកស្រី សី នា (អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ ម្តាយរបស់កុមារ) បានឲ្យដឹងថា កាលពី ៤ ខែមុន កុមារនេះតែងតែក្តៅខ្លួននៅពេលរសៀល ក្អកមានស្លេស្ម និងអស់កម្លាំង ដង្ហើមខ្លី។ នៅពេលនាំកូនទៅពេទ្យ គ្រូពេទ្យប្រាប់ថា កូនរបស់គាត់មានជំងឺរលាកសួត ហើយត្រូវបានតាមដានរកជំងឺរបេង។ គាត់បានយកកូនទៅពិនិត្យសុខភាពជាច្រើនដង ហើយត្រូវបានចេញវេជ្ជបញ្ជាឱ្យលេបនៅផ្ទះ។ល។

leftcenterrightdel
អ្នកជំងឺជាកុមារ (អាយុ ២ ឆ្នាំ សញ្ជាតិខ្មែរ) មានសុខភាពល្អក្រោយការវះកាត់បេះដូងនៅមន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ ទីក្រុងហូជីមិញ (រូបថត៖ tuoitre.vn)

វេជ្ជបណ្ឌិត Nguyen Thi Phuong Chau ផ្នែកជំងឺបេះដូង មន្ទីរពេទ្យឯកទេសផ្នែកកុមារលេខ១ បានឲ្យដឹងថា នៅពេលដែលកុមារម្នាក់នោះ ត្រូវបាននាំមកមន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញថា ក្មេងប្រុសនេះមានជំងឺបេះដូង ដែលត្រូវការការវះកាត់ជាបន្ទាន់ ដើម្បីការពារអាយុជីវិត។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមគ្រូពេទ្យសម្រេចចិត្តធ្វើការវះកាត់សង្គ្រោះបន្ទាន់ គ្រួសាររបស់អ្នកជំងឺជាកុមារបានសុំត្រឡប់ទៅផ្ទះវិញ ដោយសារការចំណាយខ្ពស់ពេក ហើយគ្រួសារមិនអាចមានលទ្ធភាពក្នុងការវះកាត់នោះទេ។  យល់បានស្ថានភាពនៃគ្រួសារអ្នកជំងឺ គ្រូពេទ្យនៃមន្ទីរពេទ្យបានសម្រេចចិត្តធ្វើការវះកាត់សង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃដើម្បីជួយសង្គ្រោះជីវិតកុមារម្នាក់នេះ។ ក្រោយពេលវះកាត់បានជាងមួយសប្តាហ៍ ពេលនេះសុខភាពរបស់អ្នកជំងឺមានស្ថិរភាព និងត្រៀមចេញពីមន្ទីរពេទ្យ។ ការចំណាយលើការវះកាត់ទាំងមូលជាង ១០០ លានដុង ត្រូវបានជួយឧបត្ថម្ភដោយសប្បុរសជន ដែលកៀរគរដោយមន្ទីរពេទ្យ។

ម្តាយរបស់កុមារបានចែករំលែកថា “ពេលមកវៀតណាម ខ្ញុំបានយកលុយ ១០ លានដុងមកជាមួយ ប៉ុន្តែក្រោយមកបានត្រឹមតែមួយសប្តាហ៍ជិតអស់ហើយ ដល់ពេលគ្រូពេទ្យប្រាប់ថាកូនខ្ញុំត្រូវវះកាត់ ខ្ញុំសល់តែជាង ១ លានដុង។ ខ្ញុំមានបំណងយកកូនទៅផ្ទះ ប៉ុន្តែគ្រូពេទ្យបានជួយលើកទឹកចិត្ត និងជួយថ្លៃចំណាយ។ អាស្រ័យហេតុនេះ កូនខ្ញុំមានសុខភាពល្អដូចសព្វថ្ងៃ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យវៀតណាម»៕

បកប្រែដោយ Huyen Trang