វៀតណាមរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - ក្នុងឱកាសអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤) សមាគមមិត្តភាពវៀតណាម-កម្ពុជា នៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេសវៀតណាម បានរៀបចំជំនួបរំលឹកឡើងវិញនូវប្រពៃណីមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា និងបង្ហាញការជឿជាក់ថា ទំនាក់ទំនងវៀតណាម និងកម្ពុជានឹងបន្តអភិវឌ្ឍ និងទទួលបានសមិទ្ធផលជាច្រើននាពេលខាងមុខ។
នៅទីក្រុងហូជីមិញ នាថ្ងៃទី៩ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានរៀបចំជំនួបក្នុងឱកាសរំលឹកខួបលើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Nam ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងហូជីមិញតែងតែយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ នៅឆ្នាំ២០២៤ សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញបានធ្វើសកម្មភាពវិជ្ជមានលើវិស័យជាច្រើន។ ជាពិសេស សមាគមបានសហការជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែនភាគនិរតីមាតុភូមិវៀតណាម រួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០២៤)...
|
|
តំណាងយុទ្ធជនពិការ និងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំនៅកម្ពុជា ជូនផ្ទាំងគំនូរ “មិត្តភាពវៀតណាម-កម្ពុជា” ដល់អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ (រូបថត៖ vnanet.vn) |
លោក ចាន់ សូរីកា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានមានប្រសាសន៍ថា កម្ពុជា និងវៀតណាមបានអភិវឌ្ឍលើវិស័យជាច្រើន ដូចជាការទូត នយោបាយ សង្គម និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង”។
ភាគីទាំងពីរបានសម្តែងនូវការជឿទុកចិត្តថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងភាពរឹងមាំនៃទំនាក់ទំនងជិតស្និទ្ធដែលរក្សានិងពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការពិសេសរវាងវៀតណាម និងកម្ពុជានឹងសម្រេចបានសមិទ្ធិផលធំៗថែមទៀត។
នៅខេត្ត Ba Ria - Vung Tau នាថ្ងៃទី ៨ ខែវិច្ឆិកា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃខេត្ត ក៏បានរៀបចំការជួបប្រាស្រ័យមិត្តភាពដើម្បីអបអរសាទរខួបលើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះ ប្រតិភូបានរំលឹកឡើងវិញនូវប្រពៃណីមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ។
លោក Nguyen Van Xinh ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Ba Ria - Vung Tau បានអះអាងថា ចំណងសាមគ្គីភាព និងភាពជិតស្និទ្ធនៃប្រទេសទាំងពីរ មានប្រភពចេញពីភូមិសាស្ត្រជិតគ្នា ដោយមានភាពស្រដៀងគ្នាជាច្រើនអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជនជាតិ។
ខេត្ត Ba Ria - Vung Tau បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិជាច្រើននៅថ្នាក់ខេត្ត និងអង្គភាពជាមួយមូលដ្ឋាននានារបស់កម្ពុជា។ ចាប់តាំងពីការចុះហត្ថលេខាមក ភាគីទាំងពីរបានធ្វើសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ បណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ៕
បកប្រែដោយ Thuy Anh