ថ្នាក់ដឹកនាំវៀតណាមអបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - ក្នុងឱកាសខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ / ៩ វិច្ឆិកា ២០២៤) នៅថ្ងៃទី ៨ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើសារអបអរសាទរជូនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើកន្រ្តកផ្កាថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោក Luong Cuong ប្រធានរដ្ឋវៀតណាម ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី; លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
|
|
លោក To Lam ប្រធានរដ្ឋវៀតណាមជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ( រូបថត៖ vnanet.vn) |
ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់ក្នុងគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមអបអរសាទរកម្ពុជាបានរៀបចំការបោះឆ្នោតនានាប្រកបដោយជោគជ័យ បង្កើតរដ្ឋាភិបាលថ្មី រក្សាបាននូវស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្ដរជាតិ។
ក្នុងនាមជាប្រទេសជិតខាងទាំងពីរ ដែលបានប្រកៀកស្មាគ្នាឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ វៀតណាមបាននិងកំពុងបន្តខិតខំប្រឹងប្រែងរួមគ្នាជាមួយកម្ពុជា ដើម្បីបន្តថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រពៃរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម ជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា។ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅនិងមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕
បកប្រែដោយ Thanh Cong